វេខណសសូត្រទី ១០

ក្បាលទី 16 · ទំព័រ 532

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រា នោះឯង វេខណសបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមាន ព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ ឋិតនៅក្នុងទីសមគួរ ។ លុះវេខណសបរិព្វាជក ឋិតនៅក្នុងទីសមគួរហើយ ក៏បន្លឺនូវ ឧទានវាចា ក្នុងសំណាក់ព្រះមានព្រះភាគថា ពន្លឺនេះថ្លៃថ្លាណាស់ ពន្លឺនេះថ្លៃថ្លា ណាស់ ។ ព្រះអង្គត្រាស់សួរថា ម្នាលកច្ចានៈ ចុះហេតុអ្វីបានជាអ្នក និយាយយ៉ាងនេះថា ពន្លឺនេះថ្លៃថ្លាណាស់ ពន្លឺនេះថ្លៃថ្លាណាស់ ចុះពន្លឺដូចម្តេច ដែលថ្លៃថ្លា ។ វេខណសបរិព្វជក ក្រាបទូលថា បពិត្រព្រះគោតមដ៏ ចម្រើន ពន្លឺណា ដែលរកពន្លឺឯទៀត ភ្លឺលើសលុបជាង ឬប្រសើរជាងគ្មាន ពន្លឺនោះឈ្មោះថា ពន្លឺថ្លៃថ្លា ។ ព្រះអង្គត្រាស់សួរថា ម្នាលកច្ចានៈ ចុះពន្លឺ ដែលរកពន្លឺឯទៀត ភ្លឺលើសលុបជាង ឬប្រសើរជាងគ្មាន ពន្លឺនោះតើដូចម្តេច ។ វេខណសបរិព្វាជក ក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន ពន្លឺ ណាដែលរកពន្លឺឯទៀតភ្លឺលើសលុបជាង ឬប្រសើរជាងគ្មាន ពន្លឺនោះឯង ឈ្មោះថា ពន្លឺថ្លៃថ្លា ។ ម្នាលកច្ចានៈ ពាក្យរបស់អ្នកន៎ុះផ្សាយទៅវែងណាស់ ព្រោះ អ្នកនិយាយថា បពិត្រព្រះគោតមដ៏ចម្រើន ពន្លឺណាដែលរកពន្លឺឯទៀតភ្លឺលើសលុប ជាង ឬប្រសើរជាងគ្មាន ពន្លឺនោះឯងឈ្មោះថា ពន្លឺថ្លៃថ្លា ដូច្នេះផង ទាំងមិនកំណត់នូវពន្លឺនោះផង ។ ម្នាលកិច្ចានៈដូចបុរសនិយាយយ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាននាងជនបទកល្បាណី ( ដែលនៅ ) ក្នុងជនបទនេះ ។