ឃដិការសូត្រទី ១

ក្បាលទី 16 · ទំព័រ 543

ខ្ញុំបានស្តាប់ចាំមកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃ ច្រើនអង្គ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ងាក ( ព្រះភក្ត្រ ) បែរចេញ អំពីផ្លូវ ហើយ បានធ្វើនូវការញញឹម ត្រង់ទៅរកប្រទេសមួយឲ្យប្រាកដ ។ វេលានោះ ព្រះអានន្ទ មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា មានហេតុដូចម្តេចហ្ន៎ មានបច្ច័យ ដូចម្តេចហ្ន៎ ជាហេតុនាំឲ្យព្រះមានព្រះភាគ ធ្វើនូវការញញឹម ឲ្យប្រាកដឡើង ( ព្រោះថា ) ព្រះតថាគតទាំងឡាយមិនដែលធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥតហេតុទេ ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ធ្វើនូវឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំ ទូលសួរចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មានហេតុ ដូចម្តេចហ្ន៎ មានបច្ច័យដូចម្តេចហ្ន៎ ជាហេតុនាំឲ្យព្រះមានព្រះភាគ ធ្វើនូវការ ញញឹមឲ្យប្រាកដឡើង ( ព្រោះថា ) ព្រះតថាគតទាំងឡាយ មិនដែលធ្វើ នូវការញញឹមឲ្យប្រាកដដោយឥតហេតុទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ រឿងរ៉ាវធ្លាប់មានមកហើយ ក្នុងប្រទេសនេះ មាននិគមមួយឈ្មោះវេភឡិគ ជានិគមស្តុកស្តម្ភ មាំមួន មានជនច្រើន មានមនុស្សកុះករ ។ ម្នាលអានន្ទ ព្រះកស្សបៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្លាប់ចូលមកសម្រេចសម្រាន្តឥរិយាបថ ក្នុងវេភឡិគ និគមនោះឯង ។ ម្នាលអានន្ទ អារាមរបស់ព្រះកស្សបមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ មាននៅក្នុងទីនេះ ។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តែងគង់ឲ្យឱវាទភិក្ខុសង្ឃក្នុងទីនេះ ។