ពោធិរាជកុមារសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងភេសកលាវ័ន ជាទីឲ្យអភ័យដល់ម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ។ សម័យនោះឯង ពោធិរាជកុមារ ចាត់ការកសាងប្រាសាទ ឈ្មោះកោកនុទៈ ទើបតែនឹងហើយថ្មីៗ ដែលសមណព្រាហ្មណ៍ ឬបុគ្គលណាមួយ ជាតិជាមនុស្សមិនដែលធ្លាប់បាននៅអាស្រ័យ ។ លំដាប់នោះ ពោធិរាជ កុមារ ទ្រង់ហៅសញ្ជិកាបុត្តមាណពមកប្រាប់ថា នែសញ្ជិកាបុត្រសម្លាញ់ អ្នកចូរ មក អ្នកចូរចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ ព្រះបាទយុគលព្រះមានព្រះភាគដោយត្បូង ទូលសួរការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ជាគ្រឿង នៅសប្បាយ តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចម្រើន ពោធិរាជកុមារសូម ថ្វាយបង្គំនូវព្រះបាទយុគលព្រះអង្គដោយត្បូង ទូលសួរ ការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួនកាយពល និងធម៌ជាគ្រឿងនៅ សប្បាយ ហើយទូលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូល ពោធិរាជកុមារថា ព្រះករុណា វិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ ពោលពាក្យរាក់ទាក់ សំណេះសំណាលនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ សញ្ជិកាបុត្តមាណព លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បាន ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទយុគលព្រះគោតមជាម្ចាស់ដោយត្បូង ក្រាបទូលសួរការមិនមានអាពាធ មិនមានសេចក្តីលំបាក កា