អដ្ឋកថា អង្គុលីមាលសូត្រ
អង្គុលិមាលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ សួរថា ក្នុងព្រះសូត្រនេះ ពាក្យថា ទ្រទ្រង់កម្រងនៃម្រាមដៃ ទ្រទ្រង់ ទុក ព្រោះហេតុអ្វី ។ ឆ្លើយថា ទ្រទ្រង់ទុកតាមពាក្យរបស់អាចារ្យ ។ ក្នុង សេចក្តីនោះ មានអនុបុព្វីកថាដូចតទៅនេះ បានឮថា អង្គុលិមាលនេះ បដិសន្ធិក្នុងគភ៌នៃព្រាហ្មណី ឈ្មោះមន្តានី របស់បុរោហិតនៃព្រះបាទកោសល ។ ព្រាហ្មណីបានប្រសូតបុត្រក្នុងវេលា កណ្តាលរាត្រី ។ ក្នុងវេលាដែលអង្គុលិមាលនោះប្រសូតចាកផ្ទៃម្តាយ អាវុធ ទាំងឡាយក្នុងនគរទាំងមូល ភ្លឺរន្ទាលច្រាលឆ្អៅ ។ សូម្បីពន្លឺត្រង់ទីមង្គល របស់ព្រះរាជា សូម្បីស្រោមដាវដែលនៅក្នុងបន្ទប់ផ្ទំដ៏ជាសិរី ក៏ភ្លឺរុងរឿង ។ ទើបព្រាហ្មណ៍ក្រោកចេញមក ងើយមើលផ្កាយនក្ខត្តឫក្សក៏ដឹងថា កូនរបស់ ខ្លួនកើតឡើងដោយផ្កាយឫក្សចោរ ទើបចូលគាល់ព្រះរាជាដល់ការផ្ទំជាសុខ ។ ព្រះរាជាត្រាស់ថា លោកអាចារ្យ ខ្ញុំដេកជាសុខបានអំពីណា អាវុធដែល ជាមង្គលរបស់ខ្ញុំ ចេញពន្លឺរុងរឿង ប្រហែលជាមានអន្តរាយដល់រដ្ឋ ឬដល់ ជីវិត ។ បុរោហិតទូលថា បពិត្រមហារាជ ទ្រង់កុំព្រួយឡើយ កុមារកើត ហើយក្នុងផ្ទះរបស់ទូលបង្គំ អាវុធទាំងឡាយ មិនមែនរុងរឿងដោយអានុភាព របស់កុមារនោះទេ ព្រះរាជាត្រាស់ថា តើមានហេតុអ្វីលោកអាចារ្យ ។ បពិត្រព្រះមហារាជ កូនខ្ញុំនឹងជាចោរ ។ ព្រះរាជាសួរថា គេជាចោរម្នាក់ឯង ឬជាចោរប្រទូស្តរាជសម្បត្តិ ។ បុរោហិតទូលថា គេជាចោរម្នាក់ឯងព្រះអង្គ ។