ព្រហ្មាយុសូត្រទី ១
ព្រាហ្មណវគ្គ ព្រហ្មាយុសូត្រទី ១ ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ ស្តេចទៅកាន់ចារិកក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ៥០០ រូប ។ សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យ ហើយ មានអាយុ ១២០ ឆ្នាំអំពីកំណើត ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំង គម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរ ឈ្មោះឥតិហាសៈជាគម្រប់ ៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ ។ ព្រហ្មាយុព្រាហ្មណ៍បានឮដំណឹងថា ព្រះសមណគោតមជាសក្យបុត្រចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែន វិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ៥០០ រូប ឯកិត្តិសព្ទល្អ នៃព្រះគោតមដ៏ចម្រើននោះ ខ្ចរខ្ចាយសុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយ ប្រពៃ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាប ច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ត្រៃភពទៀតហើយ ព្រះមានព្រះភាគ អង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមរបស់ព្រះអង្គ នូវលោក នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយ ប្រកាស ព្រះមានព្រះភាគអង្គនោ