បញ្ចត្តយសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ កាល ព្រះមានព្រះភាគគង់នៅក្នុងវត្តជេតពននោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះមាន ព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មាន សមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកកំណត់នូវខន្ធជាចំណែកខាងមុខ ( ខន្ធក្នុង អនាគត ) មានសេចក្តីយល់ឃើញនូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធជា ចំណែកខាងមុខ ហើយសម្តែងនូវចំណែកនៃទិដ្ឋិច្រើនប្រការ ។ គឺសមណព្រាហ្មណ៍ពួកខ្លះនិយាយយ៉ាងនេះថា អត្តា ( ខ្លួន ) កាលស្លាប់ទៅហើយ ជា សភាវៈមានសញ្ញា ទាំងឥតមានរោគ ១ ។ សមណព្រាហ្មណ៍ពួកខ្លះនិយាយ យ៉ាងនេះថា អត្តា កាលស្លាប់ហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមាន រោគ ១ ។ សមណព្រាហ្មណ៍ពួកខ្លះនិយាយយ៉ាងនេះថា អត្តាកាលស្លាប់ទៅ ហើយ ជាសភាវៈមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ទាំងឥតមាន រោគ ១ ។ សមណព្រាហ្មណ៍ពួកខ្លះ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តី វិនាស នូវការមិនកើតទៀត របស់សត្វដែលមាននៅ ១ ។ មួយទៀត សមណព្រាហ្មណ៍ពួកខ្លះនិយាយថា ព្រះនិព្វានក្នុងបច្ចុប្បន្ន ១ ( រួមជា ៥ ពួក ) ។ តែបើបំប្រួមមកវិញ ( មានត្រឹម ៣ ពួក ) គឺសមណព្រាហ្មណ៍ ពួកខ្លះ បញ្ញត្តអត្តាដែលមាននៅ កាលស្លាប់ទៅហើយ មិនមានរោគ ១ ។