អដ្ឋកថា បញ្ចត្តយសូត្រទី ២
បញ្ចត្តយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ចត្តយសូត្រនោះដូតទៅនេះ បទថា ឯកេ បានដល់ ពួកខ្លះ ។ បទថា សមណព្រាហ្មណា សេចក្តីថា ឈ្មោះថា សមណៈ ដោយជាអ្នកបួស ឈ្មោះថា ព្រាហ្មណ៍ដោយជាតិ ។ ម្យ៉ាងទៀត បុគ្គលដែលលោកសន្មតយ៉ាងនេះថា សមណៈ នឹងសន្មតថា ព្រាហ្មណ៍ ដូច្នេះ ។ ឈ្មោះថា អបរន្តកប្បិក ព្រោះកំណត់ទាញនូវខន្ធចំណែកអនាគត ។ ម្យ៉ាងទៀត ឈ្មោះថា អបរន្តកប្បិក ព្រោះសមណព្រាហ្មណ៍ទាំងនោះ មានការកំណត់ទាញយកនូវខន្ធ ចំណែកអនាគត ដូច្នេះក៏មាន ។ ក្នុងបទថា អបរន្តកប្បិក នោះ ក្នុងទីនេះ ចំណែក លោកបំណងយកចំណែកថា អន្ត ដូចក្នុងប្រយោគជាដើមថា សក្កយោ ខោ អាវុសោ ឯកោ អន្តោ អ្នកមានអាយុ ( សក្កាយរបស់ខ្លួន ) នេះ ជាចំណែកមួយ ដូច្នេះ ។ តណ្ហា និងទិដ្ឋិ ឈ្មោះថា កប្ប ។ សមដូចពាក្យដែលទ្រង់ត្រាស់ថា ដោយឧទានថា កប្ប ដូច្នេះ កប្បម ាន ២ យ៉ាង គឺតណ្ញាកប្ប និងទិដ្ឋិកប្ប ព្រោះដូច្នោះ គប្បីឃើញអត្ថ ក្នុងពាក្យថា កប្ប នេះ យ៉ាងនេះថា ឈ្មោះថា អបរន្តកប្បិក ព្រោះកំណត់ នូវចំណែកនៃខន្ធដែលជាអនាគត ដោយតណ្ហា និងទិដ្ឋិ ។ ឈ្មោះថា អបរន្តានុទិដ្ឋិ ព្រោះសមណព្រាហ្មណ៍ទាំងនោះ កំណត់ចំណែកនៃខន្ធដែលជាអនាគត អះអាងយ៉ាងនោះហើយ មានការឃើញស្របតាមចំណែកនៃខន្ធ ដែលជា អនាគតនោះឯង ដោយកើតឡើងរឿយៗ ។ សមណព្រាហ្មណ៍ទាំងនោះមាន ការឃើញយ៉ាងនោះ ផ្តើមពឹងពាក់អាស្រ័យចំណែកនៃខន្ធដែលជាអនាគតនោះ ធ្វើអ្នកដទៃឲ្យដើរទៅតាមទិដ្ឋិ ពោលអះអាងអធិមុត្តិបទ គឺបទបង្អោនចិត្តជឿ ច្រើនយ៉ាង ។ បទថា អនេកវិហិតានិ ប្រែថា ច្រើនយ៉ាង ។