កិន្តិសូត្រទី ៣

ក្បាលទី 17 · ទំព័រ 434

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃ ជាទីនាំមកនូវពលិការ ( ចំពោះភូត ) ជិតក្រុងកុសិនារា ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុអម្បាលនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគបានត្រាស់សួរដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្តីត្រិះរិះចំពោះតថាគតថា ព្រះសមណគោតមសម្តែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណគោតមសម្តែងធម៌ ព្រោះ ហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតមសម្តែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្តែងធម៌ ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្តីត្រិះរិះ ចំពោះព្រះមានព្រះភាគថា ព្រះសមណគោតមសម្តែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណគោតមសម្តែងធម៌ ព្រោះហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតម សម្តែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្តែងធម៌ ព្រោះ ហេតុភពតូចភពធំខ្លះ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនធ្លាប់មានតម្រិះ ចំពោះតថាគតថា ព្រះសមណគោតមសម្តែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណ គោតមសម្តែងធម៌ ព្រោះហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតម សម្តែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្តែងធម៌ ព្រោះ ហេតុភពតូចភពធំខ្លះ ដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ចុះឥឡូវ