អដ្ឋកថា កិន្តិសូត្រទី ៣
កិន្តិសូត្រមានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ គប្បី ជ្រាបវិនិច្ឆ័យក្នុងកិន្តិសូត្រនោះ ដូចតទៅនេះ បទថា កុសិនារាយំ បានដល់ ក្នុងមណ្ឌលប្រទេសដែលមានឈ្មោះយ៉ាងនេះ ។ បទថា ពលិហរណេ សេចក្តីថា ជនទាំងឡាយនាំពលីមកបួងសួងភូតទាំងឡាយ ក្នុងដងព្រៃនោះ ធ្វើដូច្នោះ ទើបដងព្រៃនោះ ហៅថា ជាទីនាំពលីមកបួងសួង ។ បទថា ចីវរហេតុ សេចក្តីថា ព្រោះហេតុចីវរ អធិប្បាយថា សង្ឃឹមបានចីវរ ។ បទថា ឥតិ ភវាភវហេតុ សេចក្តីថា ពួកអ្នកមានការគិតយ៉ាងនេះ ឬថា ព្រះសមណគោតមសម្តែងធម៌ដោយបំណងថា តថាគតនឹងអាស្រ័យបុញ្ញកិរិយាវត្ថុដែលសម្រេចដោយការសម្តែងធម៌ហើយ នឹងបានសោយសុខក្នុង ភពនោះៗ ដោយប្រការដូច្នេះ ។ ព្រះមានព្រះភាគត្រាស់ពោធិបក្ខិយធម៌ ៣៧ ប្រការ មាន សតិប្បដ្ឋាន ៤ ដូច្នេះជាដើម ទាំងលោកិយ និងលោកុត្តរនោះឯង ។ បទថា តត្ថ បានដល់ ក្នុងធម៌ ៣៧ នោះ ។ បទថា សិយុំ ប្រែថា គប្បីជា ។ បទថា អភិធម្មេ បានដល់ ក្នុងធម៌ដ៏វិសេសក្រៃលែង អធិប្បាយថា ក្នុង ពោធិបក្ខិយធម៌ទាំង ៣៧ នេះ ។ បទថា តត្រ ចេ នេះ ជាសត្តមីវិភត្តិ ចុះក្នុងអត្ថថា ពោធិបក្ខិយធម៌ទាំងឡាយបុណ្ណោះ ។ ក្នុងបទនេះថា អត្ថតោ ចេវ នានំ ព្យញ្ជនតោ ច នានំ ដូច្នេះ កាលពោលថា កាយសតិប្បដ្ឋាន វេទនាសតិប្បដ្ឋាន ជាការផ្សេងគ្នាដោយអត្ថ តែកាលពោលថា កាយវេទនា ក្នុង សតិប្បដ្ឋាន ដូច្នេះ រមែងឈ្មោះថា ផ្សេងគ្នាដោយព្យញ្ជនៈ ។ បទថា តទិមិនាបិ សេចក្តីថា គប្បីប្រៀបធៀបអត្ថ និងព្យញ្ជនៈ ហើយចង្អុលដល់ ភាពដែលអត្ថកាន់យកសេចក្តីដទៃ និងព្យញ្ជនៈ ដែលចុះទុកខុសថា អ្នក ទាំងឡាយជ្រាបសេចក្តីផ្សេងគ្នានោះ ដោយហេតុនេះ អត្ថ និងព្យញ្ជនៈ ជា ហេតុឲ្យយល់សេចក្តីនោះឯង ជាធម៌ និងវិន័យ