សាមគ្គាមសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងសាមគ្រាម ក្នុងដែនសក្កៈ ។ សម័យនោះឯង និគ្គណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា ។ ព្រោះកាលកិរិយានៃនិគ្គណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ ( ជាអន្តេវាសិក ) ក៏បែកបាក់គ្នាជាពីរពួក កើតប្រកួត ប្រកាន់គ្នា ឈ្លោះទាស់ទែង ចាក់ដោតគ្នានិងគ្នាដោយលំពែង គឺមាត់ថា អ្នកឯង មិនដឹងធម៌វិន័យនេះទេ យើងទើបដឹងធម៌វិន័យនេះ អ្នកឯងនឹងដឹងធម៌ វិន័យនេះដូចម្តេចបាន អ្នកឯងប្រតិបត្តិខុស យើងទើបប្រតិបត្តិត្រូវ ពាក្យ របស់យើងប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នកឯង មិនប្រកបដោយ ប្រយោជន៍ទេ ពាក្យដែលគួរនិយាយមុន អ្នកឯងបែរជានិយាយក្រោយ ពាក្យ ដែលគួរនិយាយក្រោយ អ្នកឯងបែរជានិយាយមុន អ្នកឯងសន្សំតែវត្តដែល ដែលខុសៗ ។ បើអ្នកឯងលើកវាទៈឡើង គេរមែងតិះដៀលបាន បើអ្នកឯង អាច ចូរប្រព្រឹត្តឲ្យរួចចាកវាទៈចុះ ។ ពួកនិគ្រន្ថទាំងនោះ ធ្វើនូវជម្លោះគ្នានិង គ្នា ។ សេចក្តីស្លាប់តែមួយនាក់ តែហាក់ដូចប្រព្រឹត្តទៅ ក្នុងពួកនិគ្រន្ថ ជា អន្តេវាសិក របស់និគ្គណ្ឋនាដបុត្រ ។ ពួកសាវ័ករបស់និគ្គណ្ឋនាដបុត្រណាជា គ្រហស្ថ ស្លៀកពាក់ស ។ ពួកសាវ័កទាំងនោះ មានសភាពនឿយណាយ ប្រាសចាកសេចក្តីត្រេកអរ មានសភាពរួញរាក្នុងធម្មវិន័យ ដែលពួកនិគ្គណ្ឋនាដបុត្រសម្តែងខុស ប្រកាសខុស មិនមែនជានិយ្យានិកធម៌ មិនមែន ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនមែនព្រះសម្មាសម្ពុទ្ធសម្តែង ជាថូបៈបែកធ្លាយ មិនមែនជាទីពំនាក់ឡើយ ។