អដ្ឋកថា សាមគ្គាមសូត្រទី ៤
[ ៥១-៥២ ] សាមគ្គាមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសាមគ្គាមសូត្រនោះដូតទៅនេះ ក្នុងសាមគ្គាមសូត្រនោះ មានវិនិច្ឆ័យដូចតទៅនេះ បទថា សាមគ្គាមេ បានដល់ ក្នុង ស្រុកដែលមានឈ្មោះយ៉ាងនេះ ព្រោះអ្នកស្រុកសាមកៈ មានកុះករ ។ បទថា អធុនា កាលកតោ គឺធ្វើកាលកិរិយាថ្មីៗ នេះឯង ។ បទថា ទ្វេឡកជាតា គឺកើត ( បែកគ្នា ) ជា ២ ចំណែក ។ បណ្តាការអាក់អន់ចិត្តនឹងគ្នា ជាដើម ការឈ្លោះគ្នាក្នុងខាងដើម ឈ្មោះថា ភណ្ឌនៈ គឺជម្លោះ ការឈ្លោះ គ្នា ដែលបែកទៅ ដោយការកាន់ដំបងជាដើម និងដោយអំណាចការល្មើស បញ្ញត្ត ឈ្មោះថា កលហ ការឈ្លោះទាស់ទែង ការពោលប្រកែកប្រណាំង គ្នាជាដើមថា លោកមិនដឹងធម៌វិន័យនេះទេ ដូច្នេះ ឈ្មោះថា វិវាទ ។ បទថា វិតុទន្តា គឺចាក់គ្នាដោយលំពែង គឺមាត់ ។ បទថា សហិតម្មេ គឺពាក្យ របស់ខ្ញុំប្រកបដោយប្រយោជន៍ ។ បទថា អធិចិណ្ណំ តេ វិបរាវត្តំ សេចក្តី ថា បដិបទាដែលថ្នឹកក្រៃលែងរបស់លោក ដែលជារបស់អ្នកស្ទាត់ជំនាញ អស់កាលដ៏យូរនោះ មកដល់វាទៈរបស់ខ្ញុំ ក៏នឹងផ្លាស់ប្តូរទៅ ។ បទថា អារោបិតោ តេ វាទោ សេចក្តីថា ខ្ញុំលើកទោសឡើង ដល់លោកហើយ ។ បទថា ចរ វាទប្បមោក្ខាយ សេចក្តីថា លោកចូរកាន់យកកញ្ចប់បាយ ចូលទៅ រកមនុស្សនោះ ត្រាច់ស្វែងរកឲ្យក្រៃលែងឡើង ដើម្បីត្រូវការស្រាយ វាទៈនោះ ។ បទថា និព្វេធេហិ សេចក្តីថា ចូរដោះខ្លួនចេញអំពីវាទៈដែល ខ្ញុំលើកឡើង ។ បទថា សចេ បហោសិ ប្រែថា បើអ្នកអាច ។ បទថា វធោយេវ គឺការស្លាប់បុណ្ណោះ ។ បទថា នាដបុត្តិយេសុ បានដល់ ក្នុងពួក អន្តេវាសិករបស់នាដបុត្រ ។ បទថា និព្វិន្នរូប គឺមានការខ្លាចជាសភាវៈ សូម្បីតែការក្រាបថ្វាយបង្គំជាដើម ។