អានេញ្ជសប្បាយសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសធម្មនិគម របស់អ្នកកុរុទាំងឡាយ ក្នុងកុរុជនបទ ។ នៅ ទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាម ទាំងឡាយជាសភាវៈមិនទៀង ជារបស់ទទេ ជារបស់កុហក មានការវិនាស ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាមនេះ ដូចជាវត្ថុដែលគេធ្វើដោយ ឧបាយកល ជាសម្តីរបស់ជនពាល កាមណាដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្តី កាមណាដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុង បច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្តី ទាំងមួយគូ នុ៎ះ ជាទីនៅនៃមារ នុ៎ះជាវិស័យរបស់មារ នុ៎ះជាចំណីរបស់មារ នុ៎ះជាទីគោចរ របស់មារ អកុសលដ៏លាមកទាំងនុ៎ះ ដែលកើតអំពីចិត្ត ទោះជាអភិជ្ឈា ក្តី ព្យាបាទក្តី សារម្ភៈ ( ការប្រណាំងប្រជែង ) ក្តី រមែងប្រព្រឹត្តទៅក្នុង កាមទាំងនុ៎ះ ឯកិលេសទាំង ៣ នោះ រមែងកើតដើម្បីអន្តរាយដល់អរិយសាវ័ក អ្នកកំពុងសិក្សារឿយៗ ក្នុងសាសនានេះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កតែងពិចារណាក្នុងកាមនោះ ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្តី កាមណាដែលប្រព្រឹត្តទៅក្នុង បរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្តី កាមសញ្ញា