អដ្ឋកថា គោបកមោគ្គល្លានសូត្រទី ៨
គោបកមោគ្គល្លានសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងព្រះសូត្រនោះដូច្នេះ បទថា អចិរបរិនិព្វុតេ ភគវតិ សេចក្តីថា កាលព្រះមានព្រះភាគបរិនិព្វានហើយ គឺក្នុង កាលដែលព្រះអានន្ទចែកព្រះធាតុហើយ មកកាន់ក្រុងរាជគ្រឹះដើម្បីសង្គាយនា ព្រះធម៌ ។ បទថា រញ្ញោ បជ្ជោតស្ស អាសង្កមានោ សេចក្តីថា ព្រះរាជា ឈ្មោះថា ចណ្ឌប្បជ្ជោតអង្គនេះជាសម្លាញ់របស់ព្រះបាទពិម្ពិសារមហារាជ ។ តាំងអំពីវេលាដែលបញ្ជូនពេទ្យជីវកទៅធ្វើថ្នាំថ្វាយ ក៏រឹងរឹតតែជាមិត្រនឹងគ្នា ខ្លាំងឡើង ទ្រង់បានឮដំណឹងថា ព្រះបាទអជាតសត្តុ ជឿពាក្យរបស់ទេវទត្តភិក្ខុ ផ្តាច់ព្រះជន្មបិតា ទើបបានត្រាស់ក្នុងទីប្រជុំថា ព្រះបាទអជាតសត្តុនេះ សម្លាប់សម្លាញ់របស់អញ បំណងនឹងគ្រងរាជសម្បត្តិ ដូច្នេះ អញនឹងឲ្យ ស្តេចអង្គនេះដឹងថា អញនៅមានក្នុងបណ្តាពួកសម្លាញ់ដែលមានយសធំ ។ ព្រះបាទអជាតសត្តុនោះ ទ្រង់កើតការចំបែង ព្រោះទ្រង់បានស្តាប់ដំណឹងនោះ ព្រោះហេតុនោះ ទើបត្រាស់ថា ទ្រង់រង្កៀសក្នុងស្តេចបជ្ជោត ដូច្នេះ ។ បទថា កម្មន្តោ បានដល់ ស្ថានទីធ្វើការដើម្បីជួសជុលផ្នែកខាងក្រៅព្រះនគរ ។ បទថា ឧបសង្កមិ សេចក្តីថា ព្រះអានន្ទដឹងថា ពួកយើងត្រាច់ទៅ ដោយ បំណងថា នឹងឲ្យធ្វើការចងក្រងព្រះធម្មវិន័យ ព្រាហ្មណ៍គោបកមោគ្គល្លាននេះ ជាអ្នករាជការ ដែលមានសក្តិធំ កាលគាត់ឧបការៈ ទើបធ្វើការរក្សាវត្ត វេឡុវ័ន ដូច្នេះ ទើបចូលទៅរក ។