មហាបុណ្ណមសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យ នោះឯង ព្រះមានព្រះភាគមានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាល ក្នុង រាត្រី ដែលមានព្រះចន្ទពេញវង់ ជាថ្ងៃឧបោសថទី ១៥ ។ គ្រានោះ ភិក្ខុ មួយរូបក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរក ព្រះមានព្រះភាគហើយក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើព្រះមានព្រះភាគធ្វើឱកាសដើម្បីដោះស្រាយប្រស្នា របស់ខ្ញុំព្រះអង្គៗ នឹងសួរនូវហេតុបន្តិចបន្តួច ចំពោះព្រះមានព្រះភាគ ។ ព្រះអង្គ ត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកចង់សួរប្រស្នាណា ចូរអង្គុយលើ អាសនៈរបស់ខ្លួន សួរប្រស្នានោះចុះ ។ លំដាប់នោះ ភិក្ខុនោះ អង្គុយលើអាសនៈរបស់ខ្លួនហើយក៏ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ទាំង ៥ នេះឬ ដែលឈ្មោះថាឧបាទានក្ខន្ធ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាល ភិក្ខុ ទាំង ៥ នេះហើយ ដែលឈ្មោះថាឧបាទានក្ខន្ធ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។ ភិក្ខុនោះ ត្រេកអររីករាយនឹងភាសិតរបស់ព្រះមានព្រះភាគថា ពីរោះហើយព្រះអង្គ ហើយក៏សួរប្រស្នាចំពោះព្រះមានព្រះភាគតទៅទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ចុះឧបាទានក្ខន្ធទាំង ៥ នេះ មានអ្វីជាមូលហេតុ ។