ចូឡបុណ្ណមសូត្រទី ១០

ក្បាលទី 17 · ទំព័រ 594

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងមិគារមាតុប្រាសាទក្នុងបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះ ឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ ក្នុងវេលារាត្រី ដែលមានព្រះចន្ទពេញវង់ ជាថ្ងៃឧបោសថទី ១៥ ។ គ្រានោះ ព្រះមានព្រះភាគទ្រង់ទតចំពោះទៅភិក្ខុសង្ឃដែល នៅស្ងៀម ក៏មានព្រះបន្ទូលសួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អសប្បុរស អាចស្គាល់នូវអសប្បុរសថា អ្នកនេះជាអសប្បុរសដែរឬហ្ន៎ ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស មិនស្គាល់ដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិន មែនជាឱកាសទេ ត្រង់ដែលអសប្បុរសអាចស្គាល់នូវអសប្បុរសថា អ្នកនេះ ជាអសប្បុរស ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស អាចស្គាល់នូវ សប្បុរសថា អ្នកនេះ ជាសប្បុរសដែរឬ ។ សូមទ្រង់ព្រះមេត្តាប្រោស មិន អាចស្គាល់ដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិនមែនជាឱកាសដែរ ត្រង់ដែលអសប្បុរស អាចស្គាល់ នូវសប្បុរសថា អ្នកនេះ ជាសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ជាអ្នកប្រកបដោយអសទ្ធម្ម ( ធម៌ដ៏លាមក ) មានការសេពគប់ជាអសប្បុរស មានគំនិតជាអសប្បុរសមាន សេចក្តីប្រឹក្សាជាអសប្បុរស មានវាចាជាអសប្បុរស មានការងារជា អសប្បុរស មានទិដ្ឋិជាអសប្បុរស តែងឲ្យទានជាអសប្បុរស ។ ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ប្រកបដោយអសទ្ធម្ម ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ មិនមានសទ្ធា មិនមានសេចក្តីខ្មាសបាប មិនមានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងតិច ខ្ជិលច្រអូស ភ្លេចស្មារតី ឥតបញ្ញា ម