អដ្ឋកថា ចូឡបុណ្ណមសូត្រទី ១០
ចូឡបុណ្ណមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងចូឡបុណ្ណមសូត្រនោះ ដូច្នេះ បទថា តុណ្ហីភូតំ បានដល់ ជាអ្នកនៅស្ងៀម គឺនៅស្ងៀម ក្នុងទិសដែលទ្រង់សម្លឹងមើលទៅ ។ បទថា អនុវិលោកេត្វា សេចក្តីថា ទ្រង់បើកព្រះនេត្រដែលប្រដាប់ដោយបសាទរូបទាំង ៥ ហើយទ្រង់សម្លឹង មើលសព្វទិស ទ្រង់ឃើញការមិនមាន ដោយហោចការរពិសដៃ និងការ រពិសជើង ។ បទថា អសប្បុរិសោ បានដល់ បុរសអាក្រក់ ។ បទថា នោ ហេតំ ភន្តេ សេចក្តីថា ព្រោះអសប្បុរសនោះ រមែងមិនអាចដឹងអសប្បុរស នោះ ដូចមនុស្សខ្វាក់ មិនដឹងមនុស្សខ្វាក់ ព្រោះដូច្នោះ ទើបភិក្ខុទាំងនោះ ពោលយ៉ាងនោះ គប្បីជ្រាបអត្ថក្នុងឋានៈទាំង ៣ ខាងមុខអំពីនេះទៅដោយ ន័យនេះឯង ។ បទថា អសទ្ធម្មសមន្នាគតោ បានដល់ ប្រកបដោយ អសទ្ធម្ម ។ បទថា អសប្បុរិសភត្តី បានដល់ គប់រកអសប្បុរស ។ បទថា អសប្បុរិសចិន្តី បានដល់ គិតហើយ ដោយការគិតតាមបែប អសប្បុរស ។ បទថា អសប្បុរិសមន្តី បានដល់ ដឹងតាមបែបអសប្បុរស ។ បទថា អសប្បុរិសវាចោ បានដល់ និយាយតាមបែបអសប្បុរស ។ បទថា អសប្បុរិសកម្មន្តោ បានដល់ ធ្វើការងារបែបអសប្បុរស ។ បទថា អសប្បុរិសទិដ្ឋី បានដល់ ប្រកបដោយទិដ្ឋិរបស់អសប្បុរស ។ បទថា អសប្បុរិសទានំ បានដល់ ទានដែលអសប្បុរសគប្បីឲ្យ ។ បទថា ត្យស្ស មិត្តា បានដល់ សមណព្រាហ្មណ៍ទាំងនោះ ជាមិត្ររបស់អសប្បុរសទាំងនោះ ។ បទថា អត្តព្យាពាធាយបិ ចេតេតិ សេចក្តីថា រមែងគិតដើម្បីសេចក្តីទុក្ខដល់ខ្លួនយ៉ាងនេះថា អញនឹងសម្លាប់ សត្វ អញនឹងកាន់យករបស់ដែលគេមិនបានឲ្យ អញនឹងប្រព្រឹត្តមិច្ឆាចារ អញនឹងសមាទានអកុសលកម្មបថ ១០ ហើយប្រព្រឹត្ត ។