អនុបទសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគបានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ជាអ្នកប្រាជ្ញ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាក្រាស់ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញារហ័ស ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាវាងវៃ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាមុត ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជាជាគ្រឿងទម្លាយនូវកិលេស ម្នាលភិក្ខុទាំងឡាយ សារីបុត្រឃើញ ច្បាស់នូវធម្មវិបស្សនាតាមលំដាប់ អស់កន្លះខែ ( ក៏បានសម្រេចព្រះអរហត្ត ) ។ ម្នាលភិក្ខុទាំងឡាយ ការណ៍នេះ សារីបុត្ររមែងមាន ក្នុងធម្មវិបស្សនាជាលំដាប់ នោះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ សារីបុត្រស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន មានវិតក្កៈ វិចារៈ បីតិ និងសុខ ដែលកើតអំពីវិវេក ។ ធម៌ទាំងឡាយ គឺវិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខ វីរិយៈ សតិ ឧបេក្ខា និងមនសិការណា ដែលមានក្នុងបឋមជ្ឈាន ធម៌ទាំងនោះ សារីបុត្របានកំណត់តាមលំដាប់ហើយ ធម៌ទាំងនោះ ដែល សារីបុត្រដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវ កិរិយារលត់ ។