សព្វិសោធនសូត្រទី ២

ក្បាលទី 17 · ទំព័រ 629

ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយអួតអរហត្តផលចំពោះភិក្ខុទាំងឡាយថា ខ្ញុំដឹង ច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ ខ្ញុំបានប្រព្រឹត្តហើយ សោឡសកិច្ច ខ្ញុំបានធ្វើរួចហើយ មិនមានកិច្ចអ្វីក្រៅពីនេះទៀតទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវហាមឃាត់ភាសិតរបស់ភិក្ខុនោះទេ ។ បើភិក្ខុមិន ត្រេកអរ មិនហាមឃាត់ហើយ ត្រូវសួរប្រស្នាទៅវិញថា ម្នាលអាវុសោ វោហារ ៤ មាត់នេះ ព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សម្តែងទុកមកដោយប្រពៃហើយ វោហារ ៤ ម៉ាត់ តើដូចម្តេច គឺភាវៈនៃបុគ្គលនិយាយថា ឃើញក្នុងរូបារម្មណ៍ដែលឃើញហើយ ១ ភាវៈនៃបុគ្គលនិយាយថាឮ ក្នុងសទ្ទារម្មណ៍ដែលឮហើយ ១ ភាវៈនៃបុគ្គល និយាយថា ទទួលរសារម្មណ៍ដែលបានទទួលហើយ ១ ភាវៈនៃបុគ្គលនិយាយ ថា ដឹងច្បាស់ក្នុងអារម្មណ៍ដែលដឹងច្បាស់ហើយ ១ ម្នាលអាវុសោ វោហារ ទាំង ៤ ម៉ាត់នេះឯង ដែលព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ ជ្រាប ទ្រង់ឃើញ ទ្រង់សម្តែងទុកមកហើយដោយប្រពៃ ។