សប្បុរិសសូត្រទី ៣

ក្បាលទី 17 · ទំព័រ 653

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះ ព្រះមានព្រះភាគត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគបានត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹង សម្តែងនូវសប្បុរិសធម៌ និងអសប្បុរិសធម៌ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលត្រងត្រាប់ភាសិតរបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរិសធម៌ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មាន មនុស្សអសប្បុរស ចេញចាកត្រកូលខ្ពស់ ហើយបួស ។ អសប្បុរសនោះ ពិចារណាឃើញដូច្នេះថា អញចេញពីត្រកូលខ្ពស់ មកបួស ឯពួកភិក្ខុដទៃ ទាំងនេះ មិនមែនចេញពីត្រកូលខ្ពស់មកបួសទេ ។ អសប្បុរសនោះ រមែង លើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានត្រកូលខ្ពស់នោះ ម្នាលភិក្ខុ ទាំងឡាយ នេះឯងឈ្មោះថា អសប្បុរិសធម៌ ។ ម្នាលភិក្ខុទាំងឡាយ ឯ សប្បុរសតែងពិចារណាឃើញដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែន ព្រោះតែកើតក្នុងត្រកូលខ្ពស់ទេ ប្រសិនបើបុគ្គលមិនចេញចាកត្រកូលខ្ពស់មក បួសទេ តែអ្នកនោះប្រតិបត្តិធម៌តាមធម៌ ប្រតិបត្តិគួរដល់សេចក្តីកោតក្រែង