អដ្ឋកថា ពហុធាតុកសូត្រទី ៥
[ ២៣៤-២៣៥ ] ពហុធាតុកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងសូត្រនេះ មានវិនិច្ឆ័យដូចតទៅនេះ ក្នុងបទថា ភយានិ ជាដើម មានអធិប្បាយថា ការខ្លាចនៃចិត្ត ឈ្មោះថា ភ័យ ។ អាការនៃចិត្ត ដែលមិនមានអារម្មណ៍ ១ ឈ្មោះថា ឧបទ្ទវ ការដែលចិត្តជាប់ គឺការចំពាក់ ក្នុងអារម្មណ៍នោះៗ ឈ្មោះថា ឧបសគ្គ ។ គប្បីជ្រាបសេចក្តីផ្សេងនៃអាការ មានការខ្លាចជាដើមទាំងនោះយ៉ាងនេះ ពួកចោរដែលអាស្រ័យនៅក្នុងទីដែលមិនស្មើ មានភ្នំជាដើម បញ្ជូនដំណឹង ដល់អ្នកជនបទថា ក្នុងថ្ងៃឈ្មោះនោះ ពួកយើងនឹងចូលប្លន់ស្រុករបស់ពួកអ្នក តាំងអំពីបានស្តាប់ព្រឹត្តិការណ៍នោះហើយ រមែងដល់នូវការខ្លាច ការតក់ស្លុត មានឈ្មោះថា ការខ្លាចនៃចិត្ត ។ ពួកអ្នកជនបទនាំគ្នាគិតថា ពួកចោរប្រហែលជាក្រោធ នឹងនាំយកនូវការវិនាស មកកាន់ពួកយើង ទើបកាន់យករបស់សំខាន់ចូលព្រៃ មួយអន្លើដោយ សត្វជើង ២ និងសត្វជើង ៤ ដេកលើផែនដីក្នុងទីនោះៗ ត្រូវរបោមមូសជាដើម ខាំ ចូលទៅចន្លោះគុម្ពឈើ ជាន់ដង្គត់ និងបន្លា ភាវៈដែលអ្នកជនបទ ទាំងនោះ ត្រាច់រាយមាយទៅយ៉ាងនេះ ឈ្មោះថា អាការដែលចិត្តមិនមាន អារម្មណ៍តែ ១ ។ បន្ទាប់អំពីនោះ កាលពួកចោរមិនមកតាមថ្ងៃដែលនិយាយ ក៏នាំគ្នាគិតថា ដំណឹងនោះប្រហែលជាដំណឹងចចាមអារ៉ាម ពួកយើងនឹងចូលស្រុក មួយអន្លើ ដោយទ្រព្យ ក៏នាំគ្នាចូលទៅកាន់ស្រុក ។ ពេលនោះ ពួកចោរដឹងថា អ្នកស្រុក ត្រឡប់ចូលស្រុក ទើបហុមព័ទ្ធស្រុក ដុតភ្លើងត្រង់ទ្វារ សម្លាប់ពួក មនុស្ស ប្លន់យកទ្រព្យសម្បត្តិទាំងអស់ទៅ ។ បណ្តាពួកមនុស្សដែលសល់ អំពីសម្លាប់ នាំគ្នាពន្លត់ភ្លើង ហើយអង្គុយត្របោលក្បាលជង្គង់ សោយសោក ដល់សម្បត្តិដែលវិនាសទៅហើយ ក្នុងទីនោះៗ ត្រង់សំយាបជង្