អដ្ឋកថា ឥសិគិលិសូត្រទី ៦
[ ២៤៧-២៤៨] ឥសិគិលិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងឥសិគិលិសូត្រដូចតទៅនេះ បទថា អញ្ញាវ សមញ្ញា អហោសិ សេចក្តីថា ត្រង់ភ្នំឥសិគិលិ ឈ្មោះថា ឥសិគិលិនោះ មានឈ្មោះម្យ៉ាងទៀតថា វេភារៈ ។ បទថា អញ្ញា បញ្ញត្តិ នេះ ជាវេវចនៈ នៃបទដំបូងបុណ្ណោះ សូម្បីក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បានឮថា គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីនិរោធសមាបត្តិក្នុង វេលាល្ងាច ចេញអំពីព្រះគន្ធកុដិ មានពួកភិក្ខុហែហមប្រថាប់គង់ ក្នុងទីដែល មនុស្សទាំងឡាយអង្គុយហើយ ឃើញភ្នំ ៥ ប្រាកដច្បាស់ ហើយត្រាស់ ប្រាប់ភ្នំ ៥ នេះដោយលំដាប់ ។ ក្នុងការត្រាស់ប្រាប់នោះ ព្រះមានព្រះភាគ ត្រូវការដោយរឿងភ្នំ ។ តែកាលត្រាស់ប្រាប់ភ្នំទាំងនេះដោយលំដាប់ៗ ក៏តែង ត្រូវត្រាស់ប្រាប់ភាវៈដែលភ្នំឥសិគិលិ ជាភ្នំឈ្មោះថា ឥសិគិលិផងដែរ កាល ត្រាស់ប្រាប់រឿងភ្នំឥសិគិលិនោះ ក៏នឹងត្រូវប្រាប់ឈ្មោះនៃព្រះបច្ចេកពុទ្ធ ៥០០ អង្គ ដែលជាកូនរបស់នាងបទុមវតី និងការប្រាថ្នារបស់នាងបទុមវតី ព្រោះ ហេតុដូចពោលនេះ ទើបព្រះមានព្រះភាគត្រាស់លំដាប់នៃភ្នំនេះ ។ បទថា បវិសន្តា ទិស្សន្តិ បវិដ្ឋា ន ទិស្សន្តិ សេចក្តីថា ព្រះបច្ចេកពុទ្ធទាំងឡាយ និមន្តបិណ្ឌបាតក្នុងទីតាមសប្បាយ ធ្វើភត្តកិច្ចហើយ ចូលទៅខាងក្នុង ដោយធ្វើភ្នំឲ្យជា ២ ចំណែក ដូចបើកសន្ទះទ្វារធំទាំង ២ ក្នុងបន្ទប់ចេតិយ ធ្វើទីសម្រាកពេលយប់-ថ្ងៃ ហើយនៅក្នុងទីនោះ ព្រោះ ដូច្នោះ ទើបត្រាស់យ៉ាងនោះ ។ បទថា ឥមេ ឥសី បានដល់ ព្រះបច្ចេកពុទ្ធឥសីទាំងនេះ ។ ព្រះបច្ចេកពុទ្ធឥសីទាំងនោះ បាននៅក្នុងភ្នំនោះ តាំងអំពីអង្កាល់ ។ បានឮថា ក្នុងអតីតកាល កាលព្រះតថា