មហាចត្តារីសកសូត្រទី ៧

ក្បាលទី 17 · ទំព័រ 762

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវសម្មាសមាធិ ដែលឥតទោស ព្រមទាំងបច្ច័យ ព្រមទាំងបរិវារ អ្នកទាំងឡាយ ចូរស្តាប់នូវសម្មាសមាធិនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិដែលឥតទោស ព្រមទាំងបច្ច័យ ព្រមទាំងបរិវារ តើអ្វីខ្លះ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តមានអារម្មណ៍តែមួយណា មាន អង្គទាំង ៧ នេះ ចោមរោមហើយ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តមាន អារម្មណ៍តែមួយនេះ តថាគតហៅថា សម្មាសមាធិឥតទោស ព្រមទាំងបច្ច័យ ដូច្នេះផង ព្រមទាំងបរិវារដូច្នេះផង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាអង្គមគ្គទាំងនោះ សម្មាទិដ្ឋិជា ធម្មជាតដល់មុន ( ជាប្រធាន ) ។ ម្នាលភិក្ខុទាំងឡាយ ឯសម្មាទិដ្ឋិ ជា ធម្មជាតដល់មុន តើដូចម្តេច ។ បុគ្គលដឹងច្បាស់នូវមិច្ឆាទិដ្ឋិ ថាជាមិច្ឆាទិដ្ឋិ