អានាបានស្សតិសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ព្រមដោយ សាវ័កទាំងឡាយ ជាថេរៈច្រើនរូប ដែលមានកេរ្តិឈ្មោះល្បីល្បាញជាងគេ គឺព្រះសារីបុត្រមានអាយុ ១ ព្រះមហាមោគ្គល្លានមានអាយុ ១ ព្រះមហាកស្សបមានអាយុ ១ ព្រះមហាកច្ចាយនៈមានអាយុ ១ ព្រះមហាកោដ្ឋិតៈមាន អាយុ ១ ព្រះមហាកប្បិនៈមានអាយុ ១ ព្រះមហាចុន្ទមានអាយុ ១ ព្រះរេវត ៈមានអាយុ ១ ព្រះអានន្ទមានអាយុ ១ ព្រមដោយសាវ័កទាំងឡាយជា ថេរៈដទៃៗ ទៀត ដែលមានឈ្មោះល្បីល្បាញ ។ ក៏សម័យនោះឯង ភិក្ខុ ទាំងឡាយជាថេរៈ តែងទូន្មានប្រៀនប្រដៅ ( ពួកភិក្ខុថ្មីៗ ) ។ ភិក្ខុជាថេរៈ ពួកខ្លះ ទូន្មានប្រៀនប្រដៅភិក្ខុ ១០ រូបក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មានប្រៀន ប្រដៅភិក្ខុ ២០ រូបក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មានប្រៀនប្រដៅភិក្ខុ ៣០ រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មានប្រៀនប្រដៅភិក្ខុ ៤០ រូបក៏មាន ។ ចំណែក ខាងភិក្ខុថ្មីអម្បាលនោះ កាលភិក្ខុទាំងឡាយជាថេរៈកំពុងទូន្មាន ប្រៀនប្រដៅ ក៏ដឹងគុណវិសេសជាឱឡារិកជាងដើម ។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ នាថ្ងៃបណ្ណរសឧបោសថនោះ គឺជាថ្ងៃបវារណាដ៏ បរិបូណ៌ ក្នុងរាត្រីមានព្រះចន្រ្ទពេញវង់ ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ ទតភិក្ខុសង្ឃ ដែលអង្គុយស្ងៀម ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ តថាគតត្រេកអរចំពោះបដិបទានេះ ម្នាលភិក្ខុទាំងឡាយ តថាគត