អដ្ឋកថា អានាបានស្សតិសូត្រទី ៨
អានាបានស្សតិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា អញ្ញេហិ ច សេចក្តីថា មួយអន្លើ ដោយព្រះសាវ័កដ៏ច្រើន ដែលមានឈ្មោះបោះសំឡេងពួកដទៃ វៀរតែព្រះថេរៈ ១០ រូប ដែលមកក្នុងព្រះបាលី ។ បានឮថា ក្នុងគ្រានោះ មានមហា ភិក្ខុសង្ឃរាប់ចំនួនមិនបាន ។ បទថា ឱវទន្តិ អនុសាសន្តិ សេចក្តីថា សង្គ្រោះដោយការសង្គ្រោះ ២ ប្រការ គឺសង្គ្រោះដោយអាមិស ១ សង្គ្រោះដោយធម៌ ១ ហើយឲ្យឱវាទ និងប្រៀនប្រដៅ ដោយការឲ្យឱវាទប្រៀនប្រដៅកម្មដ្ឋាន ។ ច អក្ខរៈ ក្នុង បទថា តេ ច នេះ ត្រឹមតែជាអាគមសន្ធិ ។ បទថា ឧឡារំ បុព្វេនាបរំ វិសេសំ សញ្ជានន្តិ សេចក្តីថា រមែងដឹងគុណវិសេស មានកសិណបរិកម្ម ជាដើមដទៃដែលឱឡារជាងគុណវិសេសខាងដើម មានការបរិបូណ៌នៃសីល ជាដើម ។ បទថា អារទ្ធោ ប្រែថា ត្រេកអរហើយ ។ បទថា អប្បត្តស្សប ត្តិយា គឺដើម្បីសម្រេចអរហត្ត ដែលមិនទាន់បានសម្រេច ក្នុង ២ បទ ដ៏សេស ក៏មានអត្ថដូចពោលនេះដូចគ្នា ។ តិថីដែលមានព្រះចន្ទពេញវង់ គ្រប់ ៤ ខែ ខាងចុងខែកត្តិក ឈ្មោះថា កោមុទឹ ចាតុម្មាសិនឹ សេចក្តីពិត តិថីនោះ ឈ្មោះថា កោមុទឹ ព្រោះមានផ្កាកោមុទរីក ។ ហៅថា ចាតុមា- សិនឹ ( គ្រប់ ៤ ខែ ) ព្រោះជាថ្ងៃចុងក្រោយនៃខែទី ៤ ក្នុងវស្សានរដូវ ។ បទថា អាគមេស្សាមិ សេចក្តីថា តថាគតនឹងរង់ចាំ អធិប្បាយថា តថាគត បវារណាក្នុងថ្ងៃនេះហើយ មិនទៅទីណា នឹងនៅក្នុងទីនេះឯង រហូតដល់តិថី ថ្ងៃនោះនឹងមកដល់ ។ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតសង្ឃបវារណាដល់ ភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ ទើបបានត្រាស់យ៉ាងនោះ ។