សង្ខារូបបត្តិសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រា នោះឯង ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគបានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវសង្ខារូបបត្តិ គឺនិយាយអំពីហេតុកើតឡើងនៃសង្ខារ ប្រាប់អ្នក ទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ( ឲ្យស្តាប់ ) ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះពុទ្ធដីកានៃ ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគបានត្រាស់ព្រះសូត្រនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយសីល ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា ។ ភិក្ខុនោះ មាន សេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះដល់រំលាងខន្ធ បន្ទាប់អំពី មរណៈទៅ សូមឲ្យទៅកើតជាមួយនឹងពួកខត្តិយមហាសាល ។ ភិក្ខុនោះ តម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចម្រើនចិត្តនោះទុក ។ ធម៌ទាំង ៥ មាន សទ្ធាជាដើមនោះ ឈ្មោះថា សង្ខារផង ឈ្មោះថា វិហារធម៌ផង ដែលភិក្ខុ នោះចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗ ហើយយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងខត្តិយមហាសាលនោះមែន ។ ម្នាលភិក្ខុទាំងឡាយ នេះ ផ្លូវ នេះបដិបទាប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងខត្តិយមហាសាលនោះ ។