អដ្ឋកថា សង្ខារូបបត្តិសូត្រទី ១០
សង្ខារូបបត្តិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខារូបបត្តិសូត្រនោះដូចតទៅនេះ សេចក្តីថា ការកើតឡើងនៃសង្ខារទាំងឡាយបុណ្ណោះ ឈ្មោះថា សង្ខារូបបត្តិ មិនមែន ការកើតឡើងនៃសត្វ នៃបុគ្គលឡើយ ។ ម្យ៉ាងទៀត ឧបបត្តិភព គឺការកើតឡើង នៃខន្ធទាំងឡាយ ដោយបុញ្ញាភិសង្ខារ ឈ្មោះថា សង្ខារូបបត្តិ ។ បទថា សទ្ធាយ សមន្នាគតោ សេចក្តីថា ធម៌ ៥ ប្រការមាន សទ្ធាជាលោកិយជាដើម ។ បទថា ទហតិ ប្រែថា តាំងទុក ។ បទថា អធិដ្ឋាតិ បានដល់ ប្រតិស្ឋាន ។ បទថា សង្ខារា ច វិហារា ច ប្រែថា ប្រាថ្នា និងវិហារធម៌ បានដល់ ធម៌ ៥ ប្រការ មានសទ្ធាជាដើមនោះឯង និងដោយប្រាថ្នា ។ បទថា តត្រូបបត្តិយា គឺដើម្បីកើតក្នុងទីនោះ ។ បទថា មគ្គោ អយំ បដិបទា បានដល់ ធម៌ ៥ ប្រការនោះឯង ព្រមគ្នានឹងប្រាថ្នា អធិប្បាយថា បុគ្គលណាមានធម៌ ៥ ប្រការ តែមិនមានប្រាថ្នា គតិនៃបុគ្គល នោះមិនតជាប់គ្នា ។ បុគ្គលណាប្រាថ្នា តែមិនមានធម៌ ៥ ប្រការ គតិនៃ បុគ្គលនោះក៏មិនតជាប់គ្នា ។ បុគ្គលពួកណាមានធម៌ ៥ ប្រការផង មាន ប្រាថ្នាផង គតិនៃបុគ្គលទាំងនោះតជាប់គ្នា ។ ឧបមាដូចបុគ្គលបាញ់ព្រួញទៅក្នុង លម្អអាកាស កំណត់មិនបានថា ចុង កណ្តាល ឬគល់ធ្លាក់ចុះមកមុន យ៉ាងណា បដិសន្ធិនៃសត្វទាំងឡាយនោះ ក៏ដូច្នោះ រកពិតប្រាកដមិនបាន ព្រោះដូច្នោះ ធ្វើកុសលកម្មហើយ ធ្វើនូវប្រាថ្នាក្នុងទីណាមួយ រមែងគួរ ។ បទថា អាមណ្ឌំ បានដល់ ផ្លែកន្ទួតព្រៃ ។ ផ្លែកន្ទួតព្រៃ នោះ រមែងប្រាកដដោយប្រការទាំងពួងនោះឯង ដល់បុរសដែលមានភ្នែកល្អ យ៉ាងណា លោកធាតុ ១០០០ មួយអន្លើដោយសត្វដែលកើតក្នុងទីនោះ តែង ប្រាកដដល់ព្រហ្មនោះ យ៉ាងនោះ ក្នុងបទដទៃក៏មាន