អដ្ឋកថា ព្រហ្មាយុសូត្រទី ១
ព្រហ្មាយុសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងព្រហ្មាយុសូត្រនោះ បទថា មហតា ក្នុងបទថា មហតា មហតាភិក្ខុសង្ឃេន នោះ ឈ្មោះថា ធំ ព្រោះអត្ថថា ធំដោយគុណខ្លះ ធំដោយចំនួនខ្លះ ពិតហើយ ភិក្ខុនោះ ជាអ្នកធំដោយគុណទាំងឡាយ ។ ចាត់ថា ធំ ព្រោះ ប្រកបដោយគុណ មានការប្រាថ្នាតិចជាដើម និងព្រោះរាប់បានដល់ទៅ ៥០០ រូប ។ ជាមួយក្រុមនៃពួកភិក្ខុ ឈ្មោះថា ក្រុមភិក្ខុ អធិប្បាយថា ជាមួយពួកស មណៈដែលមានទិដ្ឋិសាមញ្ញតា និងសីលសាមញ្ញតាស្មើគ្នា ។ បទថា សទ្ធឹ គឺជាមួយគ្នា ។ បទថា បញ្ចមត្តេហិ ភិក្ខុសតេហិ គឺឈ្មោះថាមានប្រមាណ ៥ ព្រោះប្រមាណ ៥ នៃរយរបស់ភិក្ខុទាំងនោះ ។ ប្រមាណ លោកហៅថា មាត្រា ព្រោះដូច្នោះ ទើបមានអធិប្បាយថា ភិក្ខុស្គាល់មាត្រា គឺស្គាល់ប្រមាណ ក្នុងភោជន ដែលត្រាស់ថា ជាអ្នកស្គាល់ប្រមាណក្នុងភោជន យ៉ាងណា ក្នុង ទីនេះ ក៏គប្បីឃើញអត្ថយ៉ាងនេះថា មាត្រា ៥ បានដល់ ប្រមាណ ៥ នៃ រយរបស់ភិក្ខុទាំងនោះ ដូច្នោះ ។ រយទាំងឡាយនៃពួកភិក្ខុ ឈ្មោះថា រយនៃ ពួកភិក្ខុទាំងឡាយ ។ មួយរយនៃភិក្ខុទាំងឡាយ មានប្រមាណទាំង ៥ នោះ ។ បទថា វីសវស្សសតិកោ គឺមានអាយុ ១២០ ឆ្នាំ ។ បទថា តិណ្ណំ វេទានំ គឺនៃបឫគវេទ យជុវេទ និងសាមវេទ ។ ឈ្មោះថា បរគូ ព្រោះដល់ត្រើយ ដោយអំណាចការទន្ទេញចាំមាត់ ។ បទថា សនិឃណ្ឌុកេដុភានំ គឺព្រម ដោយនិឃណ្ឌុ និងកេដុភៈ ។ ស្រាស្តដែលប្រកាសពាក្យសម្រាប់ប្រើជំនួស និឃណ្ឌុស្រាស្ត និងព្រឹក្សស្រាស្តជាដើម ឈ្មោះថា សនិឃណ្ឌុ ។ កេដុភ បានដល់ ការកំណត់កិរិយាអាការ ដែលជាស្រាស្តសម្រាប់ប្រើជាគ្រឿងឧបករណ៍របស់ពួកកវី ។