សេលសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួនភិក្ខុ ១២៥០ រូប ទ្រង់ស្តេចទៅដល់អាបណនិគមនៃអង្គុត្តរាបជនបទ ។ កេណិយជដិល បានឮដំណឹងថា ព្រះសមណគោតមជាសក្យបុត្រ ចេញចាក សក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវទ្រង់ស្តេចមកកាន់ចារិកក្នុងអង្គុត្តរាបជនបទ មួយអន្លើដោយភិក្ខុសង្ឃច្រើន ចំនួនភិក្ខុ ១២៥០ រូប ទ្រង់ស្តេចមកដល់ អាបណនិគមហើយ កិត្តិសព្ទល្អនៃព្រះគោតមដ៏ចម្រើននោះ សុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មាន ព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាសាស្តា នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ព្រះសមណគោតមអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំង មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គសម្តែង ធម៌ មានលម្អបទដើម មានលំអបទកណ្តាល មានលម្អបទចុង ព្រមទាំង អត្ថ ព្រមទាំងព្យញ្ជនៈ ទ្រង់ប្រកាសព្រហ្មចរិយៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធ ទាំងអស់ ក៏ការបានឃើញព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជា