អដ្ឋកថា សេលសូត្រទី ២
សេលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងសេលសូត្រនេះ បទថា អង្គុត្តរាបេសុ លោកពោលឲ្យពិស្តារហើយ ក្នុងបោត្តលិយសូត្រនោះឯង ។ បទថា អឌ្ឍតេរសេហិ បានដល់ ១៣ ទាំង កន្លះ លោកអធិប្បាយថា មួយអន្លើដោយភិក្ខុ ១២៥០ រូប ។ ភិក្ខុទាំងឡាយដែលប្រជុំគ្នាក្នុងសាវកសន្និបាតទាំងនោះ សុទ្ធតែជាព្រះខីណាស្រព បព្វជ្ជាដោយឯហិភិក្ខុទាំងអស់ ។ បទថា កេណិយោ ជាឈ្មោះរបស់ជដិល នោះ ។ បទថា ជដិលោ បានដល់ តាបស ។ បានឮថា តាបសនោះជា ព្រាហ្មណមហាសាល តែកាន់ភេទជាតាបសដើម្បីរក្សាដល់ទ្រព្យ ថ្វាយ បណ្ណាការដល់ព្រះរាជា កាន់យកទីមួយ សាងអាស្រម នៅក្នុងភូមិភាគនោះ ប្រកបការជួញដូរដោយរទេះ ៥០០ ជាទីអាស្រ័យនៃត្រកូលដល់ទៅ ១០០០ ត្រកូល ។ ម្យ៉ាងទៀត បុរាណាចារ្យពោលថា អាស្រមរបស់តាបសនោះ មានដើមត្នោតមួយដើម ផ្លែត្នោតសម្រេចដោយមាសជ្រុះមក មួយថ្ងៃមួយផ្លែ តាបសនោះ ពេលថ្ងៃ ទ្រទ្រង់សំពត់កាសាយៈ និងពាក់ជដា ពេលយប់ សោយកាមសម្បត្តិ ។ បទថា ធម្មិយា កថាយ បានដល់ ធម្មីកថាដែលប្រកបដោយ អានិសង្សនៃទឹកបាន ។ កេណិយៈនេះខ្មាសអៀន ដែលមានដៃទទេ ទៅគាល់ព្រះមានព្រះភាគ គិតថា ទឹកសម្រាប់ផឹក រមែងគួរ សូម្បីដល់ បុគ្គលដែលវៀរវិកាលភោជន ទើបឲ្យរែកទឹកបានពុទ្រា ដែលតាក់តែងយ៉ាង ល្អ ប្រមាណ ៥០០ អម្រែក ។ រឿងដែលជដិលនោះទៅហើយយ៉ាងនេះ ។ សង្គីតិកាចារ្យលើកឡើងកាន់ព្រះបាលី ក្នុងភេសជ្ជក្ខន្ធកៈថា គ្រានោះឯង កេណិយជដិលមានការគិតដូច្នេះថា អញគួរនាំទៅដើម្បីព្រះសមណគោតម ឬមិនគួរនាំទៅហ្ន៎ ដូច្នេះ ។