ចង្កីសូត្រទី ៥

ក្បាលទី 17 · ទំព័រ 155

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះឱបាសាទរបស់ដែនកោសល ។ ដំណឹង នោះឮថា ព្រះមានជោគទ្រង់គង់ក្នុងសាលវ័នជាទេវវ័ន នៅខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ។ ក្នុងសម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជា ស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទានជាព្រះរាជ អំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។ ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹង ថា ព្រះសមណគោតមជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន បានដល់មកឱបាសាទគ្រាម ឥឡូវនេះមកគង់ក្នុងឱបាសាទគ្រាម ក្នុងសាលវ័ន ជាទេវវ័ន នៅខាងជើងឱបាសាទគ្រាម កិត្តិសព្ទល្អនៃព្រះគោតមដ៏ចម្រើនអង្គ នោះ ឮល្បីខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានជោគអង្គនោះ ព្រះអង្គ ឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តី ចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលា-