អដ្ឋកថា ចង្កីសូត្រទី ៥

ក្បាលទី 17 · ទំព័រ 181

ចង្កីសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុង សូត្រនោះ បទថា ទេវវនេ សាលវនេ សេចក្តីថា បានឮថា ប្រជាជនធ្វើ ពលីកម្មដល់ទេវតាក្នុងព្រៃសាលៈនោះ ព្រោះហេតុនោះ ទើបព្រៃសាលៈ នោះ ហៅថា ទេវវ័នខ្លះ សាលវ័នខ្លះ ។ បទថា ឱបសាទំ អជ្ឈាវសតិ សេចក្តីថា ចង្កីព្រាហ្មណ៍គ្រប់គ្រងក្នុងស្រុកព្រាហ្មណ៍ មានឈ្មោះថា ឱបាសាទៈ គឺជាធំនៃស្រុកនោះ គ្រប់គ្រងក្នុងស្រុកនោះអស់ព្រំដែន ដែលគប្បី ទទួលខុសត្រូវ ។ ក្នុងបទថា ឱបសាទំ អជ្ឈាវសតិ នេះ គប្បីជ្រាបថា ជាទុតិយាវិភត្តិ ចុះក្នុងអត្ថជាសត្តមីវិភត្តិ សម្ពន្ធដោយឧបសគ្គ ក្នុងបទដ៏ សេសក្នុងព្រះសូត្រនោះ គួរខ្នះខ្នែងរកលក្ខណៈអំពីគម្ពីរសព្ទស្រាស្ត ព្រោះ ការដែលគម្ពីរនោះជាទុតិយាវិភត្តិ ។ បទថា សត្តុស្សទំ ដេរដាសដោយ មនុស្ស និងសត្វ សេចក្តីថា កុះករ គឺអូអរដោយមនុស្ស និងសត្វទាំងឡាយ អធិប្បាយថា មានមនុស្សច្រើន មានមនុស្សដេរដាស និងពពាក់ពពូនដោយ សត្វច្រើនប្រភេទ មានដំរី សេះ ក្ងោក និងសត្វចតុប្បាទដែលចិញ្ចឹមជាដើម ។ ព្រោះហេតុដែលស្រុកនោះបរិបូណ៌ដោយស្មៅសម្រាប់ដំរី សេះជាដើម និង ស្មៅសម្រាប់ប្រក់ផ្ទះ ដែលកើតខាងក្រៅជុំវិញ ម្យ៉ាងទៀត បរិបូណ៌ដោយ ឧស និងឈើសម្រាប់ធ្វើផ្ទះ និងព្រោះខាងក្នុងស្រុកនោះ មានស្រះបោក្ខរណី សន្ធឹកសន្ធាប់ មានសណ្ឋានមូល និងបួនជ្រុងជាដើម ខាងក្រៅស្រុក មាន បឹង ត្រពាំង មិនមែនតិច វិចិត្រដោយផ្កាឈើដែលកើតក្នុងទឹក មានទឹក ពេញជានិច្ចនោះឯង ព្រោះហេតុនោះ ទើបត្រាស់ថា មានស្មៅ ឈើ និងទឹក ។ ឈ្មោះថា មានធញ្ញាហារ ព្រោះប្រព្រឹត្តទៅជាមួយធញ្ញាហារ អធិប្បាយថា សន្សំធញ្ញាហារជាច្រើន មានបុព្វណ្ណជាតិ និងអបរណ្ណជាតិជាដើម ។