វាសេដ្ឋសូត្រទី ៨

ក្បាលទី 17 · ទំព័រ 242

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ ។ សម័យនោះឯង មានព្រាហ្មណមហាសាលជាច្រើន សុទ្ធតែជាអ្នកមានកេរ្តឈ្មោះល្បីល្បាញ អាស្រ័យនៅក្នុងស្រុកឥច្ឆានង្គលៈ គឺចង្កីព្រាហ្មណ៍ ១ តារុក្ខព្រាហ្មណ៍ ១ បោក្ខរសាតិព្រាហ្មណ៍ ១ ជាណុស្សោណិព្រាហ្មណ៍ ១ តោទេយ្យព្រាហ្មណ៍ ១ មិនតែបុណ្ណោះសោត មានទាំងពួកព្រាហ្មណមហាសាលដទៃទៀត ក៏សឹងជាអ្នកមានកេរ្តឈ្មោះល្បីល្បាញដែរ ។ វេលានោះ វាសេដ្ឋមាណព និងភារទ្វាជមាណពទាំងពីរនាក់កំពុងដើរទៅដើរមក ដើម្បី សម្រួលស្មង ក៏ផ្តើមនូវអន្តរាកថានេះថា ម្នាលអ្នកដ៏ចម្រើន មនុស្សឈ្មោះ ថាព្រាហ្មណ៍ តើដោយហេតុដូចម្តេច ។ ភារទ្វាជមាណពបានឆ្លើយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បើកាលណាបុគ្គលមានជាតិល្អទាំងពីរចំណែក គឺទាំងខាង មាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីគូនៃជីតា ជាគម្រប់ ៧ មក មិនមានអ្នកណាតិះដៀលចំអកចំអន់ ដោយការពោលដល់ជាតិបាន ម្នាលអ្នកដ៏ចម្រើន ដោយហេតុបុណ្ណេះឯង មនុស្សទើបឈ្មោះថាព្រាហ្មណ៍ ។ វាសេដ្ឋមាណពបានពោលយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន បើកាលណាបុគ្គល មានសីលផង បរិបូណ៌ដោយវត្តផង ដោយហេតុបុណ្ណេះ មនុស្សទើបឈ្មោះ ថាជាព្រាហ្មណ៍បាន ។ ភារទ្វាជមាណពមិនអាចដើម្បីពន្យល់វាសេដ្ឋមាណព បាន ចំណែកខាងវាសេដ្ឋមាណពក៏មិនអាចដើម្បីនឹងពន្យល់ភារទ្វាជមាណព បានដែរ ។ លំដាប់នោះ វាសេដ្ឋមាណព និយាយនឹងភារទ្វាជមាណព ថា ម្នាលភារទ្វាជៈដ៏ចម្រើន ព្រះសមណគោតមនេះឯងជាសក្យបុត្រ ចេញ ចាកសក្យត្រកូលទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទដ៏ល្អនៃព