សុភសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ អាស្រ័យនៅក្នុង និវេសន៍របស់គហបតីម្នាក់ ក្នុងក្រុងសាវត្ថី ដោយកិច្ចដែលត្រូវធ្វើណានីមួយ ។ កាលដែលសុភមាណព ជាបុត្ររបស់តោទេយ្យព្រាហ្មណ៍ អាស្រ័យនៅក្នុង និវេសន៍របស់គហបតីណា ក៏ពោលពាក្យនេះ នឹងគហបតីនោះថា ម្នាល គហបតី ខ្ញុំបានឮពាក្យនេះថា ក្រុងសាវត្ថីមិនស្ងាត់ចាកព្រះអរហន្តទាំងឡាយ ឡើយ ក្នុងថ្ងៃនេះ គួរយើងទាំងពីរនាក់ ចូលទៅអង្គុយជិតសមណៈ ឬ ព្រាហ្មណ៍ណាហ្ន៎ ។ គហបតីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន ព្រះមានព្រះភាគ នេះ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី បពិត្រ អ្នកដ៏ចម្រើន សូមអ្នកចូលទៅអង្គុយជិត ព្រះមានព្រះភាគនោះចុះ ។ លុះសុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ ទទួលពាក្យ របស់គហបតីនោះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ពោលពាក្យរាក់ទាក់សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទី សមគួរ ។ លុះសុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ អង្គុយក្នុងទីសមគួរ ហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ច្រើននិយាយគ្នាយ៉ាងនេះថា គ្រហស្ថទើបជាអ្នកបំពេញនូវហេតុ គឺកុសលធម៌បាន ឯបព្វជិតបំពេញនូវហេតុ គឺកុសលធម៌មិនបានឡើយ ដូច្នេះ