ចូឡសុញ្ញតសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគគង់ ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយ័ណ្ហសម័យ ហើយចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយ គង់ក្នុងទីសមគួរ ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ទូល ស្នើនឹងព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះមាន ព្រះភាគគង់ក្នុងនគរតូច ជានិគមរបស់ពួកសក្យៈ ក្នុងសក្កជនបទ បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀនក្នុងទីចំពោះ ព្រះភក្ត្រ នៃព្រះមានព្រះភាគក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅ ច្រើនដោយការនៅស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ឈ្មោះថា ខ្ញុំព្រះអង្គបានស្តាប់ដោយប្រពៃ បានរៀនដោយប្រពៃ បានធ្វើទុកក្នុងចិត្ត ដោយប្រពៃ បានចងចាំដោយប្រពៃហើយឬ ។ ព្រះមានព្រះភាគត្រាស់ថា អើអានន្ទ ពាក្យនុ៎ះ ឈ្មោះថាអ្នក បានស្តាប់ដោយប្រពៃ រៀនដោយប្រពៃ ធ្វើទុកក្នុងចិត្តដោយប្រពៃ ចងចាំ ដោយប្រពៃហើយ ។ ម្នាលអានន្ទ កាលពីដើមក្តី ឥឡូវនេះក្តី តថាគតធ្លាប់ នៅច្រើន ដោយការនៅស្ងប់ស្ងាត់ ។ ម្នាលអានន្ទ ប្រាសាទរបស់មិគារមាតានេះ សូន្យចាកដំរី គោ សេះ លា សូន្យចាកមាស និងប្រាក់ សូន្យ ចាកការជួបជុំស្រី និងប្រុសអស់ហើយ ។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យភិក្ខុសង្ឃ មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ មានឧបមេយ្យដូចជាភិក្ខុមិនធ្វើទុកក្នុងចិត្តនូវគាមសញ្ញា ( សេចក្តី សម្គាល់ថាស្រុក ) មិនធ្វើទុកក្នុងចិត្តនូវមនុស្សសញ្ញា ( សេចក