អច្ឆរិយអព្ភុតសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ កាល ពួកភិក្ខុមានចំនួនច្រើន ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយ ប្រជុំគ្នាក្នុងឧបដ្ឋានសាលា ក្នុងកាលនោះឯង អន្តរាកថានេះ ក៏កើតឡើងថា អស្ចារ្យណាស់ អាវុសោ ចម្លែកណាស់ អាវុសោ ត្រង់ដែលព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រះតថាគតទ្រង់ជ្រាបនូវ ព្រះអតីតពុទ្ធទាំងឡាយ ដែលបរិនិព្វានហើយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជា គ្រឿងញ៉ាំងសត្វឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្មជាគ្រឿងញ៉ាំង សត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់ កន្លងបង់នូវទុក្ខទាំងពួងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានព្រះនាមយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានព្រះគោត្រយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានសីលយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានបញ្ញាយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ ។ លុះភិក្ខុទាំងឡាយនិយាយ យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានពោលនឹងភិក្ខុទាំងនោះដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលអស្ចារ្យ ទាំងប្រកបដោយ ធម៌ អស្ចារ្យមែន ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលចម្លែក ទាំងប្រកបដោយធម៌ដ៏ចម្លែកមែន ។ នេះជាអន្តរាកថា របស់ភិក្ខុទាំងនោះ អន្តរាកថានេះ ក៏ដាច់ពាក់កណ្តាលទៅ ។