ទន្តភូមិសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះ សមណុទ្ទេស ឈ្មោះអចិរវតៈ នៅក្នុងកុដិជិតព្រៃ ។ គ្រានោះឯង រាជកុមារព្រះនាមជយសេន ស្តេចយាងទៅមកៗ ដើម្បីសម្រួលព្រះជង្ឃា បាន ចូលទៅរកអចិរវតសមណុទ្ទេស លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកអចិរវតសមណុទ្ទេស លុះបញ្ចប់ពាក្យដែលគួរ រីករាយ និងពាក្យដែលគួររពឫកហើយ ក៏គង់ក្នុងទីសមគួរ ។ លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ បានពោល នឹងអចិរវតសមណុទ្ទេស ដូច្នេះថា បពិត្រអគ្គិវេស្សនៈដ៏ចម្រើន ខ្ញុំបានឮ មកថា ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេស មានព្យាយាមដុតកម្តៅ កិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតា ( ចិត្ត ដែលមានអារម្មណ៍តែមួយ ) មែនឬ ។ អចិវរវតសមណុទ្ទេសតបថា ថ្វាយ ព្រះពរព្រះរាជកុមារ ការណ៍នុ៎ះយ៉ាងហ្នឹងហើយ ថ្វាយព្រះពរព្រះរាជកុមារ ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេសមាន ព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវ ចិត្តជាឯកគ្គតាមែន ។ ជយសេនរាជកុមារតបថា ខ្ញុំសូមអង្វរ សូមអគ្គិវេស្សនៈ ដ៏ចម្រើន សម្តែងធម៌តាមទំនងដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំផង ។ អចិរវតសមណុទ្ទេសពោលថា ថ្វាយព្រះពរព្រះរាជកុមារ អាត្មាភាព មិនអាចនឹងសម្តែងធម៌ តាមទំនង ដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់បានទេ ទោះបីអាត្មាភាព សម្តែងធម៌តាមទំនង ដែលបានស្តាប់ បានរៀនមកថ្វាយទ្រង់ ក៏ទ្រង់យល់នូវសេចក្តីនៃភាសិត របស់អាត្មាភាពពុំបាន អាត្មាភាពមុខជានឹងមានសេចក្តីលំបាកនោះ អាត្មាភា