ភូមិជសូត្រទី ៦

ក្បាលទី 18 · ទំព័រ 135

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ ។ គ្រានោះ ព្រះភូមិជៈមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ដំណាក់ នៃព្រះរាជកុមារព្រះនាមជយសេន លុះចូលទៅដល់ ហើយ ក៏គង់លើអាសនៈដែលគេក្រាលទុក ។ លំដាប់នោះ ជយសេនរាជកុមារ ចូលទៅរកព្រះភូមិជៈមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី រីករាយ ជាមួយនឹងព្រះភូមិជៈមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏គង់ក្នុងទីសមគួរ ។ លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ ក៏ពោលនឹង ព្រះភូមិជៈមានអាយុដូច្នេះថា បពិត្រព្រះភូមិជៈដ៏ចម្រើន មានសមណព្រាហ្មណ៍ ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ( ដើម្បីត្រាស់ដឹងនូវផល ) ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹង នូវផលទេ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏ មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវ បំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ ចុះក្នុងសាសនានេះ ព្រះជា គ្រូរបស់ភូមិជៈដ៏ចម្រើន តើមានវាទៈដូចម្តេច មានទិដ្ឋិដូចម្តេច បានពោល ដូចម្តេច ។