អដ្ឋកថា ពាលបណ្ឌិតសូត្រទី ៩
ពាលបណ្ឌិតសូត្រ មានបទផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា ពាលលក្ខណានិ សេចក្តីថា ឈ្មោះថា ពាលលក្ខណ ព្រោះអត្ថថា ជាគ្រឿងកំណត់ គឺជាគ្រឿងសម្គាល់ ឲ្យដឹងថា នេះជាបុគ្គលពាល ។ ពាលលក្ខណៈទាំងនោះ លោកហៅថា ពាលនិមិត្ត ព្រោះជាហេតុនៃការសម្គាល់ថា បុគ្គលនោះជាបុគ្គលពាល ។ ហៅថា ពាលាបទាន ព្រោះបុគ្គលពាលប្រព្រឹត្តមិនដាច់ ។ បទថា ទុច្ចិន្តិតចិន្តី សេចក្តីថា ធម្មតាបុគ្គលពាល កាលគិត រមែងគិតតែរឿងអាក្រក់ ដោយអំណាចអភិជ្ឈា ព្យាបាទ និងមិច្ឆាទិដ្ឋិតែម្យ៉ាង ។ បទថា ទុព្ភាសិតភាសី សេចក្តីថា កាលពោល ក៏ពោលតែពាក្យអាក្រក់ៗ ដោយវចីទុច្ចរិត មានមុសាវាទជាដើម ។ បទថា ទុក្កដកម្មការី សេចក្តីថា សូម្បីធ្វើក៏ធ្វើចំពោះ តែកម្មអាក្រក់ៗ ដោយអំណាចនៃកាយទុច្ចរិត មានបាណាតិបាតជាដើម ។ បទថា តត្រ ចេ បានដល់ ក្នុងបរិស័ទដែលបុគ្គលពាល អង្គុយហើយនោះ ។ បទថា តជ្ជំ តស្សារុប្បំ សេចក្តីថា ពោលដោយពាក្យ ដែលសមគួរដល់បុគ្គលនោះ គឺសមគួរដល់បុគ្គលនោះ អធិប្បាយថា បាន ដល់ ពាក្យដែលសម្បយុត្តដោយទោស ទាំងដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន និងសម្បរាយភពនៃបញ្ចវេរា ។ បទថា តត្រ បានដល់ វាចាដែលពោល ដល់គ្នានិងគ្នានោះ ។ បទថា ពាលំ ជាដើម ជាទុតិយាវិភត្តិ ប្រើក្នុងអត្ថនៃ ឆដ្ឋីវិភត្តិ ។ បទថា ឱលម្ពន្តិ សេចក្តីថា រមែងចូលទៅតាំងនៅ ។ ពីរ បទដ៏សេស ជាវេវចនៈនៃបទថា ឱលម្ពន្តិ នោះ ។ លក្ខណៈបុគ្គលពាល ទាំងនោះ រមែងប្រាកដដោយអាការដែលផ្សាយទៅជាដើម ព្រោះដូច្នោះ ទើប លោកពោលយ៉ាងនេះ ។ បទថា បឋវិយា ឱលម្ពន្តិ បានដល់ ផ្សាយទៅ លើបឋវី ពីរបទដ៏សេស ជាវេវចនៈនៃបទនោះឯង ។