អដ្ឋកថា ភទ្ទេករត្តសូត្រទី ១
ភទ្ទេករត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងភទ្ទេករត្តសូត្រនោះ បទថា ភទ្ទេករត្តស្ស សេចក្តីថា ឈ្មោះថា ជា អ្នកមានរាត្រីមួយដ៏ចម្រើន ព្រោះបុគ្គលនោះជាអ្នកដល់ព្រមដោយការតាម ប្រកបវិបស្សនា ។ បទថា ឧទ្ទេសំ បានដល់ មាតិកា ។ បទថា វិភង្គំ បាន ដល់ បទដែលគប្បីចែកដោយវិស្តារ ។ បទថា អតីតំ បានដល់ ក្នុងខន្ធ ៥ ដែលកន្លងហើយ ។ បទថា នាន្វាគមេយ្យ សេចក្តីថា មិនគួរនឹកដល់ដោយតណ្ហា និងទិដ្ឋិ ទាំងឡាយ ។ បទថា នប្បដិកង្ខេ សេចក្តីថា មិនគប្បីប្រាថ្នា ដោយតណ្ហា និងទិដ្ឋិទាំងឡាយ ។ បទថា យទតីតំ នេះ ក្នុងគាថានេះ ជាការពោល ដល់ហេតុ ព្រោះវត្ថុណាកន្លងទៅហើយ វត្ថុនោះក៏លះទៅហើយ រលត់ហើយ ដល់នូវការតាំងនៅមិនបានហើយ ព្រោះដូច្នោះ បុគ្គលមិនគួរគិតដល់វត្ថុ ដែលកន្លងទៅហើយនោះទេ ម្យ៉ាងទៀត វត្ថុណាមិនទាន់មកដល់ វត្ថុនោះ ក៏ មិនទាន់មកដល់ មិនទាន់កើត មិនទាន់កើតឡើង ព្រោះដូច្នោះ បុគ្គលមិន គប្បីប្រាថ្នាវត្ថុដែលមិនទាន់មកដល់នោះ ។ បទថា តត្ថ តត្ថ សេចក្តីថា បុគ្គលចូលដល់ធម៌ដែលជាបច្ចុប្បន្នក្នុងធម៌ណាមួយ ឃើញច្បាស់នូវធម៌នោះ ដោយអនុបស្សនា ៧ យ៉ាង មានអនិច្ចានុបស្សនាជាដើមក្នុងធម៌នោះៗឯង ។ ម្យ៉ាងទៀត បុគ្គលឃើញច្បាស់ក្នុងធម៌នោះៗ ក្នុងទីទាំងឡាយ មានព្រៃជាដើម ។ បទថា អសំហិរំ អសង្កុប្បំ នេះ ព្រះមានព្រះភាគត្រាស់ដើម្បីសម្តែង វិបស្សនា និងបដិវិបស្សនា ។ ពិតហើយ វិបស្សនារមែងមិនរសេមរសាម មិនកម្រើកដោយកិលេសទាំងឡាយ មានរាគៈជាដើម ព្រោះដូច្នោះ វិបស្សនា នោះ ឈ្មោះថា អសំហិរំ មិនរសេមរសាម ឈ្មោះថា អសង្កុប្បំ មិនកម្រើក ។