អានន្ទភទ្ទេករត្តសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក៏ សម័យនោះឯង ព្រះអានន្ទមានអាយុ បានពន្យល់ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា ហើយសម្តែង នូវឧទ្ទេស គឺមាតិកា និងវិភង្គ គឺភាជនីយ របស់បុគ្គលដែលមានរាត្រីមួយដ៏ ចម្រើន ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិក ្នុងសាយ័ណ្ហសម័យ ចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគគង់ស្រេចហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកណាហ្ន៎ ពន្យល់ ណែនាំពួកភិក្ខុឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាក្នុងឧបដ្ឋានសាលា ហើយសម្តែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែលមានរាត្រីមួយ ដ៏ចម្រើន ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអានន្ទមាន អាយុ លោកពន្យល់ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា ហើយសម្តែងនូវឧទ្ទេស និងវិភង្គ របស់ បុគ្គលអ្នកមានរាត្រីមួយដ៏ចម្រើន ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចុះអ្នកពន្យល់ណែនាំពួកភិក្ខុឲ្យកាន់ យក ឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា ហើយសម្តែងនូវឧទ្ទេស និង វិភង្គ របស់បុគ្គលអ្នកមានរាត្រីមួយដ៏ចម្រើន ដូចម្តេចខ្លះ ។