អដ្ឋកថា ចូឡកម្មវិភង្គសូត្រទី ៥
ចូឡកម្មវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងសូត្រនោះ បទថា សុភោ សេចក្តីថា បានឮថា គាត់ជាបុគ្គល គួរមើល គួរជ្រះថ្លា ។ ដោយហេតុនោះ ទើបញាតិទាំងឡាយតាំងឈ្មោះគាត់ ថា សុភៈ ព្រោះគាត់មានអវ័យវៈស្អាត តែបានហៅគាត់ថា មាណព ក្នុង កាលដែលនៅជាកំលោះ ។ គាត់ត្រូវហៅដោយវោហារនោះឯង ទោះបីក្នុង កាលគាត់ចាស់ ។ បទថា តោទេយ្យបុត្តោ បានដល់ កូនរបស់ព្រាហ្មណ៍ បុរោហិត របស់ព្រះបាទបសេនទិកោសល ឈ្មោះថា តោទេយ្យ ។ បានឮ ថា គាត់ចូលដល់នូវការរាប់ថា តោទេយ្យ ព្រោះជាធំនៃស្រុកឈ្មោះថា តុទិគាម ដែលនៅជិតក្រុងសាវត្ថី ។ គាត់មានទ្រព្យច្រើន មានសម្បត្តិដល់ ទៅ ៨៧ កោដិ តែមានសេចក្តីកំណាញ់ស្វិតស្វាញ ។ កាលនឹងឲ្យក៏គិតថា ឈ្មោះថា ការមិនអស់នៃភោគៈទាំងឡាយមិនមាន ទើបមិនឲ្យដល់បុគ្គល ណាឡើយ ។ សមដូចពាក្យដែលលោកពោលថា អញ្ជនានំ ខយំ ទិស្វា វម្មិកានញ្ច សញ្ចយំ មធូនញ្ច សមាហារំ បណ្ឌិតោ ឃរមាវសេតិ ។ បណ្ឌិតឃើញការអស់ទៅ នៃថ្នាំបន្តក់ភ្នែកទាំងឡាយ ការសន្សំ របស់ពួកកណ្តៀរទាំងឡាយ និងការសាមគ្គី នៃឃ្មុំទាំងឡាយហើយ គប្បីនៅគ្រប់គ្រងផ្ទះ ។ គាត់ឲ្យសញ្ញាយ៉ាងនេះអស់កាលយូរនោះឯង គាត់មិនឲ្យវត្ថុ សូម្បីបបរ មួយត្រឡោក ឬបាយមួយវែកដល់ព្រះសម្មាសម្ពុទ្ធ ដែលប្រថាប់នៅក្នុងវិហារ ជិតធ្វើកាលកិរិយាដោយការលោភក្នុងទ្រព្យ ទៅកើតជាឆ្កែក្នុងផ្ទះនោះឯង ។ សុភមាណពស្រឡាញ់ឆ្កែនោះពន់ពេក ឲ្យស៊ីបាយដែលខ្លួនបរិភោគនោះឯង លើកឡើងឲ្យដេកក្នុងដំណេកដ៏ប្រសើរ ។