អដ្ឋកថា ឧទ្ទេសវិភង្គសូត្រទី ៨
ឧទ្ទេសវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា ឧទ្ទេសវិភង្គំ បានដល់ ឧទ្ទេស និង វិភង្គ អធិប្បាយថា មាតិកា និងការចែក ។ បទថា ឧបបរិក្ខេយ្យ សេចក្តីថា គប្បីប្រៀបធៀប គប្បី ពិចារណា គប្បីកាន់យក គប្បីកំណត់ ។ បទថា ពហិទ្ធា បានដល់ ក្នុង អារម្មណ៍ទាំងឡាយខាងក្រៅ ។ បទថា អវិក្ខិត្តំ អវិសដំ សេចក្តីថា ការតាំង មាំក្នុងអារម្មណ៍ ដោយអំណាចសេចក្តីប្រាថ្នាផ្សាយទៅ ឈ្មោះថា បន្សាត់ ទៅ ។ កាលទ្រង់បដិសេធការដឹងដែលផ្សាយទៅនោះ ទើបត្រាស់យ៉ាងនេះ ។ បទថា អជ្ឈត្តំ អសណ្ឋិតំ សេចក្តីថា មិនតាំងនៅស្ងប់ដោយអំណាចនៃការ ប្រាថ្នាក្នុងអារម្មណ៍ខាងក្នុង ។ បទថា អនុបទាយ ន បរិតស្សេយ្យ អធិប្បាយថា ការដឹងនោះ មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ គឺមិនកាន់យក ការដឹង មិនផ្សាយទៅ មិនបន្សាត់ទៅខាងក្រៅ មិនស្ងប់នៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំយ៉ាងណា ភិក្ខុគប្បីពិចារណាយ៉ាងនោះ ។ បទថា ជាតិជរា មរណទុក្ខសមុទយសម្ភវោ សេចក្តីថា រមែងមិនមានការកើតនៃ ជាតិ ជរា មរណៈ និងទុក្ខដ៏សេស ។ បទថា រូបនិមិត្តានុសារី បានដល់ ឈ្មោះថា ស្ទុះទៅតាម និមិត្ត គឺរូប ព្រោះអត្ថថា ស្ទុះទៅ រត់ទៅតាមនិមិត្ត គឺរូប ។ បទថា ឯវំ ខោ អាវុសោ អជ្ឈត្តំ ចិត្តំ អសណ្ឋិតំ សេចក្តី ថា មិនស្ងប់ដោយអំណាចនៃការប្រាថ្នា ។ ចិត្តមិនតាំងមាំដោយអំណាចនៃ ការប្រាថ្នា រមែងមិនជាចំណែកក្នុងការលះ តែជាចំណែកក្នុងគុណវិសេស តែម្យ៉ាង ។