អរណវិភង្គសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវអរណវិភង្គ ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវអរណវិភង្គនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា បុគ្គលមិនគប្បី ប្រកបរឿយៗ នូវសេចក្តីសុខក្នុងកាម ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយ ប្រយោជន៍ឡើយ មួយទៀត មិនគប្បីប្រកបរឿយៗ នូវសេចក្តីព្យាយាមធ្វើ ខ្លួនឯងឲ្យលំបាក ជារបស់នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ឯមជ្ឈិមប្បដិបទា គឺសេចក្តីប្រតិបត្តិយ៉ាងកណ្តាល មិនប៉ះពាល់នូវធម៌អមខាងទាំង ២ នោះ ដែលតថាគត បានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តី ចេះដឹង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់នូវ អរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីព្រះនិព្វាន ។ បុគ្គលគប្បី ដឹងនូវការលើកតម្កើងផង គប្បីដឹងនូវការបន្តុះបង្អាប់ផង លុះដឹងនូវការលើក តម្កើង ទាំងដឹងនូវការបន្តុះបង្អាប់ហើយ មិនគប្បីលើកតម្កើង មិនគប្បីបន្តុះ បង្អាប់ ត្រូវសម្តែងធម៌ដោយត្រង់ គ