ធាតុវិភង្គសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិកក្នុងដែនរបស់ពួកអ្នកមគធៈ បានដល់ទៅក្រុងរាជគ្រឹះ ចូលទៅរកស្មូនឆ្នាំងឈ្មោះភគ្គវៈ លុះចូលទៅដល់ហើយ ទើបត្រាស់នឹងស្មូន ឆ្នាំងឈ្មោះភគ្គវៈយ៉ាងនេះថា ម្នាលភគ្គវៈ បើអ្នកមិនមានសេចក្តីចង្ហៀតចង្អល់ ទេ តថាគតសុំនៅក្នុងផ្ទះបានមួយរាត្រី ។ ស្មូនឆ្នាំងក្រាបបង្គំទូលថា បពិត្រ ព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឥតមានសេចក្តីចង្ហៀតចង្អល់អ្វីទេ បុន្តែ មានអ្នកបួស ចូលទៅនៅក្នុងផ្ទះនេះមុនរួចហើយ បពិត្រព្រះអង្គដ៏ចម្រើន បើអ្នកបួស នោះយល់ព្រម សូមព្រះអង្គគង់នៅតាមសេចក្តីសប្បាយចុះ ។ សម័យនោះឯង កុលបុត្រឈ្មោះបុក្កុសាតិ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសព្រោះសទ្ធាចំពោះព្រះមានព្រះភាគ ។ បុក្កុសាតិកុលបុត្រនោះឯង ជាអ្នកចូលមកនៅមុនក្នុងផ្ទះស្មូនឆ្នាំងនោះ ។ ព្រះមានព្រះភាគ ទ្រង់ចូលទៅរកបុក្កុសាតិមានអាយុ លុះចូលទៅដល់ហើយ ទើបត្រាស់នឹង បុក្កុសាតិមានអាយុថា ម្នាលភិក្ខុ បើអ្នកមិនមានសេចក្តីចង្ហៀតចង្អល់ទេ តថាគតសុំនៅក្នុងផ្ទះបានមួយរាត្រី ។ បុក្កុសាតិតបថា ម្នាលអាវុសោ នេះ កុម្ភការនិវេសន៍ ឈ្មោះឩរុន្ទៈ សូមលោកមានអាយុ នៅតាមសេចក្តី សប្បាយចុះ ។ ទើបព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់កុម្ភការនិវេសន៍ ទ្រង់ ក្រាលកម្រាលស្មៅក្នុងទីសមគួរហើយ គង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ ផ្ចង់ព្រះសតិឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ដល់យប់ជ្រៅ ។ ឯបុក្កុសាតិមានអាយុ ក៏អង្គុយនៅដល់យប់ជ្រៅដែរ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា កុលបុត្រនេះ ប្រតិបត្តិវត្តគួរ ជ្រះថ្លាដែរឬហ្ន៎ បើដូច្នោះគួរតែតថ