អដ្ឋកថា ធាតុវិភង្គសូត្រទី ១០
ធាតុវិភង្គសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ចារិកំ បានដល់ ចារិកទៅដោយរួសរាន់ ។ បទថា សចេ តេ ភគ្គវ អគរុ សេចក្តីថា បើមិនជាការចង្អៀតចង្អល់ចិត្ត គឺមិនផាសុកណានីមួយដល់អ្នក ។ បទថា សចេ សោ អនុជានាតិ សេចក្តី ថា បានឮថា ភគ្គវៈមានការគិតយ៉ាងនេះថា ធម្មតាបព្វជិតទាំងឡាយ រមែង មានអធ្យាស្រ័យផ្សេងគ្នា ខ្លះមានគណៈជាទីត្រេកអរ ខ្លះត្រេកអរតែម្នាក់ឯង បើបុគ្គលនោះត្រេកអរតែម្នាក់ឯង នឹងពោលថា អ្នកមានអាយុ អ្នកកុំចូលមក ខ្ញុំបានសាលាហើយ បើបុគ្គលនេះត្រេកអរក្នុងការនៅម្នាក់ឯង ក៏នឹង ពោលថា អាវុសោ អ្នកចូរចេញទៅ ខ្ញុំបានសាលាហើយ បើយ៉ាងនេះ អញ នឹងជាហេតុ ឲ្យអ្នកទាំង ២ ធ្វើការឈ្លោះគ្នា ធម្មតាវត្ថុដែលឲ្យហើយ ក៏គួរឲ្យ ហើយនោះឯង វត្ថុដែលធ្វើហើយ ក៏គួរធ្វើហើយដែរ ។ ព្រោះដូច្នោះ ទើបពោលយ៉ាងនេះ ។ បទថា កុលបុត្តោ បានដល់ កុលបុត្រដោយជាតិខ្លះ កុលបុត្រ ដោយមារយាទខ្លះ ។ បទថា វាសូបគតោ បានដល់ ចូលទៅហើយ ។ សួរថា កុលបុត្រនោះមកពីណា ឆ្លើយថា មកអំពីនគរតក្កសិលា ។ ក្នុង រឿងនោះ មានតំណាលដោយលំដាប់ ដូច្នេះ ។ បានឮថា កាលព្រះបាទពិម្ពិសារសោយរាជសម្បត្តិក្នុងនគររាជគ្រឹះ ក្នុង មជ្ឈិមប្រទេស ព្រះបាទបុក្កុសាតិសោយរាជសម្បត្តិក្នុងនគរតក្កសិលា ក្នុង បច្ចន្តប្រទេស ។ កាលនោះ ឈ្មួញទាំងឡាយ ក៏នាំទំនិញអំពីនគរតក្កសិលាមក កាន់នគររាជគ្រឹះ នាំបណ្ណាការទៅថ្វាយដល់ព្រះរាជា ។ ព្រះរាជាត្រាស់ សួរឈ្មួញទាំងនោះ ដែលឈរថ្វាយបង្គំថា ពួកអ្នកនៅឯណា ។