អនាថបិណ្ឌិកវាទសូត្រទី ១

ក្បាលទី 18 · ទំព័រ 569

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី ។ សម័យ នោះឯង អនាថបិណ្ឌិកគហបតី មានអាពាធដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់ ។ គ្រានោះ អនាថបិណ្ឌិកគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកឯង ចូរមកអាយ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរ អ្នកថ្វាយបង្គំព្រះបាទា ព្រះមានព្រះភាគដោយសិរ្សៈ តាមពាក្យរបស់យើង រួចហើយចូរក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អនាថបិណ្ឌិកគហបតីមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទា ព្រះមានព្រះភាគដោយសិរ្សៈ រួចហើយ ចូរអ្នកទៅគាល់ព្រះសារីបុត្រ មានអាយុ លុះចូលទៅដល់ហើយ ចូរអ្នកថ្វាយបង្គំព្រះបាទា ព្រះសារីបុត្រ មានអាយុ តាមពាក្យរបស់យើង រួចហើយ ចូរអ្នកទូលយ៉ាងនេះថា បពិត្រ លោកម្ចាស់ដ៏ចម្រើន អនាថបិណ្ឌិកគហបតី មានអាពាធដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់ គាត់ថ្វាយបង្គំព្រះបាទា ព្រះសារីបុត្រមានអាយុ ដោយសិរ្សៈ ដូច្នេះផង ចូរអ្នកទូលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណាសូម អង្វរ សូមព្រះសារីបុត្រមានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់ លំនៅរបស់អនាថបិណ្ឌិកគហបតី ដូច្នេះផង ។ បុរសនោះ ទទួលពាក្យ អនាថបិណ្ឌិកគហបតីថា បាទ លោកដ៏ចម្រើន ហើយក៏ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយក៏ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយ អង្គុយក្នុងទីដ៏សមគួរ ។