អដ្ឋកថា ឆន្នោវាទសូត្រទី ២
ឆន្នោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឆន្នោ បានដល់ ព្រះថេរៈមានឈ្មោះយ៉ាងនោះ មិន មែនជាព្រះថេរៈដែលចេញទៅជាមួយព្រះពោធិសត្វ កាលចេញទៅអភិន្រេស្កមណ៍ឡើយ ។ [ ២១៧-២២៨ ] បទថា បដិសល្លានា គឺចាកផលសមាបត្តិ ។ បទថា គិលានបុច្ឆក បានដល់ ការទំនុកបម្រុងភិក្ខុឈឺដែលព្រះពុទ្ធទ្រង់សរសើរ ទ្រង់បានពណ៌នា ព្រោះដូច្នោះ ទើបលោកពោលយ៉ាងនោះ ។ បទថា សត្ថំ បានដល់សស្រ្តាដែលផ្តាច់ជីវិត ។ បទថា នាវកង្កាមិ គឺមិនចង់បាន ។ បទថា អនុបវជ្ជំ គឺមិនកើត មិនមានបដិសន្ធិ ។ បទថា ឯតំ មម ជាដើម លោកពោលដោយអំណាចការប្រកាន់មាំដោយតណ្ហា មានះ និងទិដ្ឋិ ។ បទថា និរោធំ ទិស្វា គឺជ្រាបការអស់ និងការសូន្យទៅ ។ បទថា នេតំ មម នេសោហម្មិ ន មេសោ សមនុបស្សាមិ គឺខ្ញុំពិចារណាឃើញថា មិនទៀង ជាទុក្ខ មិនមែនជាតួខ្លួន ។ បទថា តស្មា គឺព្រោះហេតុដែលព្រះថេរៈពោល ថា កាលខ្ញុំអត់សង្កត់នូវវេទនាដែលមានការស្លាប់ជាទីបំផុតមិនបាន ទើបនាំយក ស្រស្តាមកនោះ លោកជាបុថុជ្ជន ទើបចង្អុលបង្ញាញថា ព្រោះដូច្នោះ សូមលោកដាក់ចិត្តក្នុងសេចក្តីនេះ ។ បទថា និច្ចកប្បំ គឺជានិច្ចកាល ។ បទថា និស្សិតស្ស គឺតណ្ហា និងទិដ្ឋិអាស្រ័យហើយ ។ បទថា ចលិតំ បាន ដល់ ជារបស់កម្រើក គឺញាប់ញ័រ ។ បទថា បស្សទ្ធឹ គឺការស្ងប់កាយស្ងប់ ចិត្ត អធិប្បាយថា ដល់នូវការស្ងប់កិលេស ក៏រមែងមាន ។ បទថា នតិ បានដល់ តណ្ហា ។ បទថា នតិយា អសតិ គឺកាលមិនមានការរួបរឹត ព្រោះ សេចក្តីអាល័យដើម្បីប្រយោជន៍ដល់ភព ។ បទថា អាគតិគតិ ន ហោតិ គឺឈ្មោះថា ការមកដោយអំណាចបដិសន្ធិ រមែងមិនមាន ឈ្មោះថា ការទៅ ដោយអំណាចចុតិ ក៏រមែងមិនមាន ។