បុណ្ណោវាទសូត្រទី ៣

ក្បាលទី 18 · ទំព័រ 599

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចេញចាកទីសម្ងំក្នុងវេលារសៀល ហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះបុណ្ណៈមានអាយុ អង្គុយក្នុងទីដ៏សមគួរ ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ មេត្តាប្រោសទូន្មានខ្ញុំព្រះអង្គដោយព្រះឱវាទយ៉ាងសង្ខេប លុះខ្ញុំព្រះអង្គស្តាប់នូវធម៌របស់ព្រះមានព្រះភាគហើយ នឹងចេញទៅតែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿងដុតបំផ្លាញកិលេស មានចិត្តបញ្ជូន ទៅកាន់ព្រះនិព្វាន សម្រេចសម្រាន្តឥរិយាបថទាំង ៤ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលបុណ្ណៈ បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសម្តែង ។ ព្រះបុណ្ណៈមានអាយុនោះ ទទួលព្រះពុទ្ធដីការបស់ព្រះមាន ព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់យ៉ាងនេះថា ម្នាលបុណ្ណៈ រូបដែល គប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរ ស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុរីករាយពោល សរសើរ ប្រកាន់ខ្ជាប់នូវរូបនោះ កាលដែលភិក្ខុនោះរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់នូវរូបនោះហើយ សេចក្តីរីករាយក៏កើតឡើង ម្នាលបុណ្ណៈ តថាគត ពោលថា ការកើតឡើងនៃសេចក្តីទុក្ខ ព្រោះការកើតឡើងនៃសេចក្តីរីករាយ ។ ម្នាលបុណ្ណៈ សំឡេងដែលគប្បីដឹងដោយត្រចៀក … ក្លិនដែលគប្បីដឹងដោយ ច្រមុះ … រសដែលគប្បីដឹងដោយអណ្តាត … ផោដ្ឋព្វៈដែលគប្បីដឹងដោយ កាយ … ធម៌ដែលគប្ប