នន្ទកោវាទសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ លំដាប់នោះ ព្រះនាងមហាបជាបតិគោតមី ព្រមទាំងភិក្ខុនីប្រមាណប្រាំរយរូប នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះព្រះនាងមហាបជាបតិគោតមី ឋិតនៅ ក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រ ព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់ទូន្មានពួកភិក្ខុនី បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះមានព្រះភាគ ទ្រង់ប្រៀនប្រដៅពួកភិក្ខុនី បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះមានព្រះភាគ ធ្វើនូវធម្មីកថាដល់ពួកភិក្ខុនី ។ ក្នុងសម័យនោះឯង ពួកភិក្ខុជាថេរៈតែងទូន្មានពួកភិក្ខុនីតាម វេនៗ ។ ចំណែកនន្ទកៈមានអាយុ មិនចង់ទូន្មានពួកភិក្ខុនីតាមវេនឡើយ ។ ទើបព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ ថ្ងៃ នេះជាវេនភិក្ខុណាហ្ន៎ ដែលត្រូវឲ្យឱវាទពួកភិក្ខុនីតាមវេន ។ ព្រះអានន្ទក្រាប ទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងអស់បានធ្វើវេនដើម្បីទូន្មានពួកភិក្ខុនី តាមវេនៗ ហើយ បពិត្រព្រះអង្គដ៏ចម្រើន នន្ទកៈមានអាយុនេះមិនចង់ទូន្មាន ពួកភិក្ខុនីតាមវេនទេ ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅនន្ទកៈមាន អាយុមកថា ម្នាលនន្ទកៈ អ្នកចូរទូន្មានពួកភិក្ខុនី ម្នាលនន្ទកៈ អ្នកចូរប្រៀន ប្រដៅពួកភិក្ខុនី ម្នាលព្រាហ្មណ៍ អ្នកចូរធ្វើនូវធម្មីកថាដល់ពួកភិក្ខុនី ។ នន្ទកៈ មានអាយុទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រ