អដ្ឋកថា នន្ទកោវាទសូត្រទី ៤
[ ២៤១-២៤២ ] នន្ទកោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងព្រះសូត្រនោះបទថា តេន ខោ បន សមយេន សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ទទួលការអារាធនាអំពីព្រះនាងមហាបជាបតិគោតមី ហើយ ទ្រង់បញ្ជូនភិក្ខុសង្ឃទៅហើយ ទ្រង់ឲ្យភិក្ខុសង្ឃមកប្រជុំ ទ្រង់ធ្វើភារៈ ដល់សង្ឃថា ភិក្ខុទាំងឡាយដែលជាថេរៈ ចូរប្តូរវេនគ្នាទូន្មានភិក្ខុនី ព្រះអានន្ទ ពោលសំដៅយកសេចក្តីនោះ ទើបពោលពាក្យនេះ ។ ក្នុងសូត្រនេះ បទថា បរិយាយេន សំដៅដល់ដោយវារៈ ។ បទថា ន ឥច្ឆតិ គឺកាលដល់វេន របស់ខ្លួនហើយ អ្នកទូន្មានភិក្ខុនីនឹងទៅស្រុកឆ្ងាយ ឬយកម្ជុលមកដេរសំពត់ ជាដើម ហើយប្រាប់ឲ្យពោលជំនួសថា នេះគង់ជាការយឺតយូររបស់ភិក្ខុនោះ តែការប្តូរវេនគ្នាទូន្មាននេះ ព្រះមានព្រះភាគទ្រង់បានធ្វើភារៈ ព្រោះហេតុនៃព្រះនន្ទ កត្ថេរបុណ្ណោះ ។ ព្រោះហេតុអ្វី ព្រោះកាលពួកភិក្ខុនីទាំងនេះបានឃើញ ព្រះថេរៈហើយ ចិត្តក៏នឹងជ្រះថ្លាពិតប្រាកដ ។ ព្រោះហេតុនោះ ទើបភិក្ខុនីទាំងនោះ ចង់ទទួលពាក្យទូន្មានរបស់លោក បំណងនឹងស្តាប់ធម្មកថា ដូច្នោះ ទើប ព្រះមានព្រះភាគទ្រង់ធ្វើឱវាទដោយវារៈថា កាលដល់វេនរបស់ខ្លួនហើយ នន្ទកៈ នឹងសម្តែងឱវាទ នឹងពោលធម្មកថា ឯព្រះថេរៈមិនព្រមធ្វើវេនរបស់ខ្លួន ។ បើ មានពាក្យសួរថា ព្រោះហេតុអ្វី ក៏ឆ្លើយថា បានឮថា ភិក្ខុនីទាំងនោះ កាល ព្រះថេរៈសោយរាជសម្បត្តិក្នុងជម្ពូទ្វីបកាលពីជាតិមុន ធ្លាប់ជាស្រីស្នំ ។ ព្រះ